ខេត្តរតនគិរី៖អគារមត្តេយ្យសិក្សា១ខ្នងទំហំ៦ម៉ែត្រx៣០ម៉ែត្រស្មើរនឹង៥បន្ទប់ជាអំណោយរបស់លោក ជិន សំណាង ម្ចាស់ហាងពេជ្រCSNJនៅរាជធានីភ្នំពេញដែលផ្តល់ជូនសហគមន៍ជនជាតិភាគតិចនៅ ភូមិបរឡយ ឃុំកិចុង ស្រុកបរកែវខេត្តរតនគិរីដោយប្រសិទ្ធនាមថា «សាលាមត្តេយ្យសិក្សាហ៊ុន សុីណាត បរឡយ»ត្រូវបានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោម អធិបតីភាព លោក ជំទាវ ហ៊ុន សុីណាត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់ លោកជំទាវ ហ៊ុន ស៊ីណាតដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានចំណាយទាំងពេលវេលា និងកម្លាំងកាយចិត្តក្នុងការ ធ្វើដំណើរដ៏វែងឆ្ងាយអញ្ជើញមកជាអធិបតីក្នុងឱកាសនេះ។ ឯកឧត្តម អភិបាលខេត្តបានចាត់ទុកការសាងសង់អគារថ្មីនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋក្នុងភូមិបរឡយក៏ដូចបងប្អូនមកពីបណ្តាភូមិជិតៗនេះ អាចនាំកូន ក្មួយមកចូលសិក្សារៀនសូត្របានគ្រប់ៗគ្នា។ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ លោកជិនសំណាង និងភរិយា ម្ចាស់ហាងពេជ្រCSNJ ដែលបានចំណាយធនធានផ្ទាល់ខ្លួនក្នុងការសាងសង់សាលាមត្តេយ្យនៅទីនេះដើម្បី គឺជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តរតនគិរីឲ្យកានតែប្រសើឡើង។ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនិងក្មួយៗសិស្សានុសិស្សប្រមាណជាង៣០០នាក់ដែលបានចូលរួម លោក ជំទាវហ៊ុន សុីណាត បានមានប្រសាសន៍ថា អគារសិក្សាថ្មី ដែលបានសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីនៃសាលាមត្តេយ្យសិក្សានៅភូមិបរឡយ ហើយមត្តេយ្យសិក្សាជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឱ្យកុមារជាជនជាតិដើមភាគតិចតូចៗបានទទួលការអប់រំ។ លោកជំទាវ ហ៊ុន សុីណាត បានស្នើសុំលោកមេភូមិ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗដែលនឹងត្រូវបានមកចូលរៀននៅទីនេះ សូមយកចិត្តទុកដាក់ប្រើប្រាស់សាលាមត្តេយ្យនេះ ឲ្យបានត្រឹមត្រូវ ហើយត្រូវរួមគ្នាថែរក្សា សំអាតអនាម័យឲ្យបានជាប់ជាប្រចាំឱ្យបានសមស្របនឹងទទួលបាននូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់កុមារគ្រប់រូបៗទទួលបាន ការអប់រំមានគុណភាប្រកបដោយសមធម៌ និងបរិយាបន្ន។សូមបញ្ជាក់ផងដែរថា បន្ទាប់ពីអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់អគារមត្តេយ្យសិក្សាខាងលើនេះរួចមកលោកជំទាវ ហ៊ុន សុីណាត និងឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរីបានចែកអំណោយជាស្បៀងអាហារដល់គ្រួសារទីទាល់ក្រ ជនពិការ ចាស់ជរា ចំនួន ២១៩ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០ គីឡូក្រាម ក្នុងមួយកញ្ចប់រួមមាន ប្រេងក្រឡា ១ដប, បំពង់ហឺត ១បំពង់ និងថវិកា ១ម៉ឺនរៀល។ ដោយឡែកកុមារី កុមារាដែលបានចូលរួម ទទួលបាន កាតាប១, ស្បែកជើង១គូរ រួមទាំងប៊ិច សៀវភៅមួយចំនួនផងដែរ៕ដោយ៖សំខាន់