ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៣នេះថា មនុស្ស១ក្រុមនាំគ្នាផឹកស៊ីរួចលេងល្បែងឈានដល់កើតមានទំនាស់ពាក្យសម្តី ហើយស្ត្រីជាជនសង្ស័យបានទាញដំបងវាយក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់ ត្រូវកម្លាំងនគរបាលស្រុកស្វាយលើ ឃាត់ខ្លួនយកមកសួរនាំ។
លោកបន្តថា ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះរ៉ឹម ចិន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បណ្ដាលអោយមរណភាព)កើតហេតុនៅវេលាម៉ោង១៨នឹង០០នាទីថ្ងៃទី១១ខែកុម្ភ:ឆ្នាំ២០២៣ ឈ្មោះធុច សារិ ភេទប្រុស អាយុ៥៥ឆ្នាំ ឈ្មោះរ៉ឹម ចិន ភេទស្រី អាយុ៣៣ឆ្នាំ ឈ្មោះវេត សៃហៅវ៉ៃ (ជនរងគ្រោះ) អាយុ៣១ឆ្នាំ បានទៅលេងបៀរនៅផ្ទះរបស់ឈ្មោះវឹម សាវិត និង ប្ដីឈ្មោះញុក ណយ អ្នកទាំងប្រាំនាក់លេងបៀរផង ផឹកស្រាថ្នាំផង។ លុះដល់ម៉ោង២០ និង ៣០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ស្រាប់តែជនរងគ្រោះឈ្មោះវេត សៃ (ហៅវ៉ៃ) បានជេរបញ្ចោទៅលើជនសង្ស័យឈ្មោះរ៉ឹម ចិន ។ភ្លាមនោះក៏មានជម្លោះកើតឡើងបន្ទាប់មកឃ្នីគ្នាទាំងអស់នោះបានមកបំបែកតែជនរងគ្រោះមិនព្រមឈប់ជេនៅតែរករឿងទើបជនសង្ស័យឈ្មោះរ៉ឹម ចិន បានស្ទុះទៅយកបន្ទះខ្នងឈើជ្រុងដែលមានប្រវែង០១ម៉ែត្រ ទៅវាយចំក្បាលរបស់ជនរងគ្រោះពីលើផ្នែកខាងក្រោយបណ្ដាលឲ្យបែករយាស់ប្រវែង ០៤ សង់ទីម៉ែត្រ បន្ទាប់មកជនរងគ្រោះបានទៅដេកលើឈើនៅមុខផ្ទះជនសង្ស័យ ចំណែកជនសង្ស័យក៏បានឡើងដេកលើផ្ទះជាមួយប្ដីបាត់ទៅ។ លុះព្រឹកឡើងវេលាម៉ោង០៩ និង ០០នាទី ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៣ ជនសង្ស័យក៏បានយកទឹកទៅលាងរបួសអោយជនរងគ្រោះដេកនៅនឹងមុខផ្ទះហើយក៏ជនសង្ស័យមិនបានចាប់អារម្មណ៍លុះដល់ម៉ោង១៥នឹង០០នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើ បានរៀបចំសំណុះរឿងបបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្ឡូវច្បាប់៕AFN