ខេត្តសៀមរាប៖ថ្លែងក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ឆ្នាំ២០២០៣នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និង ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ឆ្នាំ២០២៣ ដល់នាយទាហាន នាយទាហានរ្ ពលទាហាន កងពលធំអន្តរាគមន៍លេខ២ ។
ក្នុងកិច្ចស្វាគមន៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក ជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ២ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងមកនេះ បញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានចុះធ្វើការអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់កងឯកភាពចំណុះ ។ ឯកឧត្តមបានលើកផងដែរ អំពីលទ្ធផលនៃសកម្មភាពរបស់កងពលចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ សំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនសម្ភារៈ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលស្ម័ត្រចិត្ត ធ្វើការរុះរើលំនៅដ្ឋានចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ទីតាំងថ្មីភូមិអភិវឌ្ឍធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី និង ពាក់ស្នែង ស្រុកអង្គរធំ ។ សម្រាប់ឆ្នាំ២០២៣នេះ កងពលធំអន្តរាគមន៍លេខ២ បានចងក្រងឯកសារអប់រំចិត្តសាស្ត្រ និងបានទទួលសច្ចាប័នរួចមកហើយផងដែរពីក្រសួងការពារជាតិ សម្រាប់បន្តសកម្មភាពចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់បណ្តាកងឯកភាព នៃកងពល ។
ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងពលធំអន្តរាគមន៍លេខ២ ដែលបានសហការជាមួយគ្នាបានយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋានឈរជើង ពិសេសចំពោះបណ្តាកងឯកភាពនានា នៃកងយោធពលខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់នៅលើការងារអប់រំចិត្តសាស្ត្រ ដល់ជួរយោធិននាពេលកន្លងមកនេះ ។ ឯកឧត្តម បានថ្លែងថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន ពិសេសការងារអប់រំចិត្តសាស្ត្រ គឺជាជ្រុងអទិភាពមួយ នៃការកែទម្រង់របស់ខ្លួន សំដៅលើកកម្ពស់ឆន្ទៈ និងធ្វើទំនើបកម្ម បង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈយោធិន ដើម្បីការពាជាតិ អធិបតយ្យ បូរណ ភាពទឹកដី ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្របវិស័យនៅកម្ពុជា ។
ឯកឧត្តម មាស សាវ៉ន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា សន្តិភាព និងស្ថេរភាពនយោបាយ ធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបាន ទោះបីជួបនូវវិបត្តិនៃជម្ងឺកូវិដ១៩ ក៏ពិតមែន ។ ម៉្យាងទៀតប្រមុខដឹកនាំកម្ពុជា ក៏បានពុះពាររកនូវវ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ១៩ បានធ្វើការ ចាក់ស្រោចជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយនោះឡើយ សំខាន់វីរៈភាពកងកម្លាំងខេមរភូមិន្ទ ក្នុងការប្រយុទ្ធប្រឆាំងលើសមរភូមិកូវិដ១៩ ដែលបានពុះពារ ក្នុងការជួយអាយុជីវិតរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញ និង កំពុងជម្រុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរិមា ហើយបានផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មការិនី ដែលបានសម្រាលកូនតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។ ក្នុងនោះបងប្អូនមន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ទទួលបានការតម្លើងប្រាក់បៀរ៍វត្សជាបន្តបន្ទាប់ផងដែរ ។ ឯកឧត្តមបានជម្រុញឲ្យគ្រប់កងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ២ ធ្វើការជម្រុញដល់នាយ និងពលទាហានរបស់ខ្លួន សិក្សាស្វែងយល់ អំពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដែលធ្លាប់ល្បីល្បាញរុងរឿងថ្កុំថ្កើង ហើយបន្តរក្សា បាននូវអត្តសញ្ញាណជាតិរហូតដល់បច្ចុប្បន្ន និង ធ្វើឲ្យពលទាហានរបស់ខ្លួនយល់ឃើញច្បាស់លាស់នូវរាល់ ឧបាយកលល្បិចរបស់ពួកអមិត្ត ដែលតែងតែមានចេតនាអាក្រក់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលប្រសូត្រពីការបោះឆ្នោតស្របច្បាប់ ។ កត្តាសំខាន់នៅពេលខាងមុខ ព្រះរាជាណាចក្រកម្ពុជា មានធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃ អាទិត្យ ទី២៣ ខែ កក្កដា ឆ្នាំ២០២៣នេះ កងកម្លាំងយើង មានកាតព្វកិច្ច ចូលរួមការពារសន្តិសុខ សុវត្ថិ ភាពជូនប្រជាពលរដ្ឋ នៅមុនថ្ងៃ និង ក្រោយថ្ងៃបោះឆ្នោត តាមមូលដ្ឋានអង្គភាពឈរជើង ។ ឯកឧត្តម មាស សាវ៉ន បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ត្រូវលើកកម្ពស់ស្មារតីត្រៀមខ្លួនជានិច្ច ដើម្បីបម្រើជាតិមាតុភូមិ ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់បំផុត ត្រូវបានអនុវត្តឥតឈប់ឈរលើគ្រប់វិស័យ ពិសេសវិស័យអប់រំចិត្តសាស្រ្ត ដើម្បីពង្រឹងបង្កើនឆន្ទៈ និងសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ជាបញ្ហាអតិភាព និងសំខាន់បំផុត ។ ក្នុងកាលៈទេសៈណាក៏ដោយកងទ័ព ត្រូវតែមានឆន្ទះមនសិការស្នេហាជាតិ និងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងថែរក្សាសុខសន្តិភាពនៅកម្ពុជា ៕AFN