ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ លោក ហ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីអាល្លឺម៉ង់ និងភរិយា បានមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាហើយ យន្តហោះ បានចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ ក៏មានវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញទៅទទួលការមកដល់របស់លោកប្រធានាធិបតី និងភរិយារបស់លោក។សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ហ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ និងលោកស្រី អែលឃើ បឿឌិនប៊ិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ដល់ថ្ងៃទ ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ែយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ ដោយអាល្លឺម៉ង់។ លោកប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលនេះ របស់លោកប្រធានាធិបតីអាល្លឺម៉ង់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរ៕សេរី