Sunday, November 24, 2024
Header Banner

នគរបាលជំនាញខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជីតាដែលជ្រុលដៃសម្លាប់ចៅខ្លួនឯងយកទៅបោះចោលក្នុងស្រះ

ខេត្តសៀមរាប៖កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលស្រុកពួក បានធ្វើការស្រាវជ្រាវករណីឃាតកម្មមួយ ទើបបានដឹងថាជនសង្ស័យជាជីតាដែលសម្លាប់ចៅប្រុសរបស់ខ្លួនឯងព្រោះខឹងរពឹសពេក។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតភូមិជ្រាស់ ឃុំល្វា ស្រុកពួកខេត្តសៀមរាប។

លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ,លោកឧត្តមសេនីយត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ទើបលោកដឹកនាំកម្លាំងនគរបាលជំនាញខេត្ត សហការគ្នាជាមួយនគរបាលមូលដ្ឋាន ចុះទៅឃាត់ខ្លួនជនសង្ស័យ០១ នាក់ ឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ជាប់ពាក់ព័ន្ធក្នុងបទល្មើសជាស្តែងករណីឃាតកម្ម កើតហេតុកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

លោកបន្តថា នៅវេលាម៉ោង ១៨ និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានថាមានករណីក្មេងលង់ស្រះទឹក ត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប សាកសពឈ្មោះ តាំ រតនា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសង្ស័យថាមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌក៏បានណែនាំដល់ក្រុមគ្រួសារ រក្សាសាកសពដើម្បីសុំឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យ ឲ្យបានច្បាស់លាស់តាមនីតិវិធី។ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីទាំងខាងលើ ពិនិត្យសាកសព និងពិនិត្យវិភាគកន្លែងកើតហេតុត្រង់ ចំណុចស្រះទឹក ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលមានចម្ងាយពីផ្ទះសព ប្រហែល ២៥០ម៉ែត្រ ។សាកសព សពបាក់ ក, មានស្នាមជាំក្រោមត្រជៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា, ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមក ចេញតាមរន្ធគូទ។ដោយមានការសង្ស័យ ទៅលើឈ្មោះ ថ្ម ក្រាក់ ត្រូវជាជីតារបស់ជនរងគ្រោះ សមត្ថកិច្ចបាននាំខ្លួន ឈ្មោះ ថ្ម ក្រាក់ យកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃសម្លាប់ជនរងគ្រោះខាងលើពិតមែន ព្រោះខឹងរូបគេលូកព្រីភ្លើងលេង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទី ក្នុងផ្ទះបណ្តាលឲ្យឆក់ កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់ និងការងារផង អស់កម្លាំងផង ធ្វើឲ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវាយទៅលើចៅ ចន្លោះដង ក ចំនួន ២ខ្សែភ្លើង និងនិយាយ ទៅកាន់គេថា“អារឯងឈប់យកដៃមកលូកព្រីភ្លើងលេងទៀតប្រយ័ត្នឆក់ងាប់”។ ជាក់ស្តែងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីខ្លួនចូលទៅក្នុងផ្ទះដេកលេង ទូរស័ព្ទជាមួយចៅឈ្មោះ តាំ រតនា លុះដល់វេលាម៉ោងប្រហែល១៦ និង០០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានទម្លាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុន ខ្លួនក៏ចាប់កន្ត្រាក់ ខ្សែភ្លើងចេញពីដៃរបស់គេព្រោះខ្លាចឆក់ ដោយមានកំហឹងខ្លួនបានយកខ្សែភ្លើងបត់ជាពីរ វាយលើដងខ្លួនជនរងគ្រោះចំនួន ២ខ្សែភ្លើង ហើយគេបានស្រែកយំ ខ្លួនបានទះចំក្រោមថ្គាម និងដងករបស់គេផ្នែកខាងស្តាំ មួយទំហឹង ហើយគេនៅតែ យំខ្លាំងៗ ខ្លួនក៏យកដៃទាំងសងខាង ចាប់ក្បាលរបស់គេមួលបង្វិលទៅផ្នែកខាងឆ្វេងបន្តិច ហើយលើក បោះទៅលើកម្រាលពូក ដោយពុំបានដឹងថា ក របស់គេបានបាក់ដែរឬអត់នោះទេ ព្រោះគេនៅមានសម្រែក ស្របពេលនោះរូបគេក៏យកដៃទាំងសងខាងសូកចាប់ដៃរបស់ជនរងគ្រោះទំាងសងខាង ចំណុចក្រោមខ្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូក ដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមនោះគេក៏សន្លប់បានសម្លេងឈឹង ពេលស្ទាបមើល ឃើញថាចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើម ដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើប លើកបីដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេង ទុបក្បាលត្រកង ក្បាលជនរងគ្រោះឲ្យកើយលើស្មាខាងស្តាំ យកទៅទំលាក់នៅក្នុងទឹកស្រះ ដែលស្ថិតចម្ងាយពីផ្ទះប្រហែល ២៥០ម៉ែត្រ រួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង។ លុះវេលាម៉ោង១៧ និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅរូបគេក៏ដើរក និងទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម