ខេត្តសៀមរាប៖ក្រុមក្មេងទំនើងទំនាស់សំដីក្នុងក្លឹបកម្សាន្តចេញមកក្រៅដេញកាប់គ្នានៅកណ្តាលក្រុងសៀមរាប បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងភ្ញៀវទេសចរ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននករបាលខេត្តសៀមរាប ឃាត់ខ្លួនបាន៣នាក់និងបន្តស្វែងរកចាប់បក្ខពួកបន្ថែមទៀត។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣ស្ថិតនៅចំណុចខាងកើតផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ០៤និង១៥នាទី ទាបភ្លឺថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៣ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( ប្រើកាំបិតកែឆ្នៃ ដេញកាប់ជនរងគ្រោះ )ទីតាំងខាងលើ បង្ករឡើងដោយជនសង្ស័យ ចំនួន០៩នាក់ រត់គេចខ្លួន៦នាក់ ជិះម៉ូតូ ០៣គ្រឿង ប្រដាប់ដោយកាំបិតកែឆ្នៃដងវែង ០១ដើម និងខ្វែវចំនួន០១ បានធ្វើសកម្មភាព ជិះម៉ូតូ ដេញតាមពីក្រោយ និងកៀម៉ូតូរបស់ជនរងគ្រោះ និងមិត្តភ័ក្រជនរងគ្រោះ មកដល់ខាងកើតផ្សារចាស់ ក្រុងមជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតកែឆ្នៃ និងខ្វែវ កាប់ទៅលើជនរងគ្រោះនិងមិត្តភ័ក្រ តែជនរងគ្រោះបានគេចផុត ហើយក៏ដួលម៉ូតូ ទើបក្រុមជនសង្ស័យ បាននាំគ្នាដេញកាប់ទៅលើក្រុមជនរងគ្រោះបន្ថែមទៀត។ ភ្លាមនោះក្រុមជនរងគ្រោះ បាននាំគ្នារត់ចូលក្នុងផ្សារចាស់ដើម្បីគេចខ្លួន ជនរងគ្រោះបានរត់មកដល់ចំណុច កន្លែង Police Box ក៏បានជួបកម្លាំងនគរបាល ដែលកំពុងធ្វើការល្បាត ភ្លាមនោះបានចុះទៅដល់ កន្លែងកើតហេតុ និងបានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សឺ ពិទិ និងឈ្មោះ មុំ វណ្ណះ រួមទាំងវត្ថុតាង កាំបិតកែឆ្នៃ ចំនួន០១ លុះព្រឹកឡើង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៉ៃ សូរិយា ០១នាក់បន្ថែមទៀត យកមកធ្វើការសាកសួរ។ លោកបន្ថែមថា តាមចម្លើយរបស់ជនសង្ស័យទាំង ០៣នាក់ ០១ឈ្មោះ សឺ ពិទិ ភេទប្រុស អាយុ១៨ឆ្នាំ ០២.ឈ្មោះ ប៉ៃ សូរិយា ភេទប្រុស អាយុ ១៥ឆ្នាំ ០៣. ឈ្មោះ មុំ វណ្ណះ ភេទប្រុស អាយុ ១៤ឆ្នាំ បានឆ្លើយ សារភាពដូចៗគ្នាថា ៖ ពួកខ្លួន ទាំង០៣នាក់ និងបក្សពួក ០៦នាក់ទៀត ( រត់គេចខ្លួន ) ពិតជាបាន ធ្វើសកម្មភាព ដេញកាប់ទៅលើ ក្រុមជនរងគ្រោះ ពិតប្រាកដមែន ។ ដោយនៅវេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៥ ពួកខ្លួនទាំង០៣នាក់ និងបក្សពួក ០៦នាក់ទៀត ប្រដាប់ដោយ កាំបិតកែឆ្នៃ ០១ដើម និងខ្វែវ ០១ ជិះម៉ូតូ ០៣គ្រឿង ទៅផឹកស៊ី ក្នុងក្លឹប Temple ពេលកំពុងផឹកស៊ី ក៏មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ នៅពេលជនរងគ្រោះនាំគ្នាជិះម៉ូតូ ចេញ ពួកខ្លួនបាននាំគ្នា ចេញមកតាម ដោយខលហៅមិត្តភ័ក្រឲ្យយកកាំបិត និងខ្វែវមកឲ្យ ក្រោយពេលជិះមកដល់ចំណុចជ្រុងខាងកើតផ្សារចាស់ ពួកខ្លួនបាននាំគ្នាកាប់ទៅលើក្រុមជនរងគ្រោះ។ ប៉ុន្តែពួកគេគេចផុត ពួកខ្លួនក៏ដេញតាមកាប់ទៀត ស្រាប់តែពេលកំពុងធ្វើសកម្មភាព ក៏មានប៉ូលិសមកដល់ ក៏ឃាត់ខ្លួន ពួកខ្លួនទាំង ០៣នាក់ រួមទាំង កាំបិត ០១ដើមតែម្តង ចំណែកបក្ស ពួកផ្សេងទៀត បានរត់គេចខ្លួនតែម្តង ។ លោកបញ្ជាក់ថា ចំពោះករណីក្រុមក្មេងទំនើងដែលបង្កហិង្សាក្នុងក្រុងសៀមរាប នេះគឺនឹងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ចំពោះក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួនក៏នឹងបន្តតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕