Sunday, November 24, 2024
Header Banner

សម្អាតអនាម័យបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរសាទរខួបលើកទី៦៨កំណើតកាកបាទក្រហមកម្ពុជា

ខេត្តសៀមរាប៖ដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភះ ១៩៥៥-១៨ កុម្ភះ ២០២៣) នៅព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៣នេះ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា មន្ត្រីនិយោជិតសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មន្ត្រីនៃខ័ណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីមន្ទីរបរិស្ថានខេត្ត, យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធកម្ពុជា , សហភាពសហព័ន្ធយុវជនកម្ពុជា សរុប១៥០នាក់ ធ្វើការបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដោយជាយថាហេតុណាមួយ ហើយជាពិសេសដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា “យុវជនកំពុងនាំគ្នាធ្វើសកម្មភាព”ផងដែរ។

ជាមួយគ្នានេះដែរមន្ត្រីដែលមកពីខ័ណ្ឌរដ្ឋបាល ព្រៃឈើខេត្តគឺជាមន្ត្រីជំនាញ ពួកគាត់បានធ្វើការក្រីតាក់តែងកាប់មែកឈើដែលចាស់ៗ និងកាប់កូនឈើតូចៗគ្មានប្រយោជន៍ចោល ដើម្បីឲ្យដើមរបស់វាអាចលូតលាស់បានល្អ ហើយសកម្មភាពនេះបានរួមចំណែកថែរក្សាបរិស្ថានគម្របបៃតងនៃឧទ្យានអង្គរផងដែរ។យុទ្ធនាការធ្វើការសម្អាតអនាម័យបរិស្ថាន សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមរបស់លោកព្រឹទ្ធាចារ្យ ទួន ទេស ស្ថាបនិកផ្តួចផ្តើមរៀបចំសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ផងដែរ ។

ក្នុងនោះដែរជំទាវ ទាង អេង ទៀ សីហា ក៏បានលើកឡើងអំពីអត្ថប្រយោជន៍នៃដើមឈើ ដែលផ្តល់នូវជីវិតដល់មនុស្ស សត្វ ក្នុងការទប់ស្កាត់នូវគ្រោះមហន្តរាយគ្រោះធម្មជាតិ ព្រមទាំងផ្តល់នូវបរិស្ថានបរិសុទ្ធក្នុងការរស់នៅរបស់មនុស្សលោក ។ លោកជំទាវ ក៏បានធ្វើការអំពាវនាវ ដល់ជនរូបជាតិគ្រប់រូប ត្រូវរួបរួមគ្នាដើមី្បធ្វើការដាំដុះដើមឈើឡើងវិញ ដើមី្បបង្កើននូវសោភណ្ឌភាព បរិស្ថាន ក៏ដូចជាការទ្រទ្រង់វិស័យទេសចរណ៍ ជាការទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ខេត្តរបស់ខ្លួន ។

ម៉្យាងទៀតទៅទូទាំងប្រទេស ក៏ដូចបណ្តាប្រទេសមួយចំនួន នៅមិនទាន់មាននូវឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដូចនៅខេត្តសៀមរាបនោះឡើយ ។ ដូច្នេះចូលអ្នកដែលប្រព្រឹត្តនូវការកាប់បំផ្លិចបំផ្លាញព្រៃធម្មជាតិ ក៏ត្រូវបញ្ឈប់ទង្វើរបស់ខ្លួន មកចូលរួមការដាំដើមឈើស្តារឡើងវិញ ដើមី្បរក្សាទុកនូវមរតកធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយផងដែរ ។ លោកជំទាវបន្តទៀតថា ព្រៃឈើគឺជាទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃរួមរបស់ពិភពលោកយើង មានព្រៃឈើ ពិភពលោកមានសម្រស់ មានជីវិតមនុស្ស សត្វ មានខ្យល់បរិសុទ្ធ មានទឹក រក្សាបាននូវលំនឹងនៃការបម្រែបម្រួលអាកាសធាតុ មានធនធាន និងមានអ្វីៗជាច្រើនទៀត ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ ព្រៃឈើ តែងរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ហើយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតពីបញ្ហានៃការបំផ្លាញនេះ ព្រមទាំងអំពាវនាវគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ ហើយបានដាក់ចេញផងដែរនូវផែនការ ទេសចរណ៍ម្នាក់ ដើមឈើមួយដើម គឺដើម្បីស្ដារឡើងវិញនូវធនធានព្រៃឈើដែលបានបាត់បង់ ។ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តថែរក្សាព្រៃឈើដែលមានស្រាប់ និងពុះពារដាំបន្តជាប្រចាំ ដើម្បីការពារបរិស្ថានធម្មជាតិរបស់យើង គឺដើម្បីយើង កូនចៅយើង ប្រទេសជាតិយើង និងពិភពលោកយើង នៅគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ផងដែរថា ឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ដែលស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលមកដល់ពេលនេះមានអាយុកាល ២៤ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត ៥ហិកតា និងមានដើមឈើប្រមាណ ២ពាន់៤៦០ដើម ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម