ខេត្តសៀមរាប៖អំណោយមាន មី ,ទឹកត្រី ទឹកស៊ីអ៉ីវ ,សាច់ក្រក ,ទឹកសុទ្ធ និង ភេសជ្ជះមួយចំនួន របស់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដឹកនាំដោយលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប និង អស់លោក លោកស្រីជាអនុប្រធាន ,លេខាធិការ និងសមាជិកសមាជិកា បាននាំយក ទៅប្រគល់ជូនដល់កងដឹកជញ្ជូន របស់កងវរះសេនាតូច វិស្វកម្ម ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលមានភារៈកិច្ចជួយដឹកជញ្ជូនសម្ភារៈ បងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដ្ឋាន ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។ ពិធីប្រគល់អំណោយនេះក្រោមវត្តមានរបស់ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុម ប្រឹក្សាខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ទោ សុខ ធារ៉ា មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ២ កាល ពីរសៀលថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ២០២៣ នៅទីបញ្ជាការ វរះសេនាតូច វិស្វកម្ម ។ តាមការបញ្ជាក់របស់កងដឹកជញ្ជូនរបស់វរះសេនាតូចវិស្វកម្ម បានឲ្យដឹងថា ក្រោយទទួលបាននូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និង បទបញ្ជារបស់មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ក្នុងការរៀបចំតំបន់រមណីយដ្ឋានអង្គរឲ្យមានស្ថានភាពស្រស់ត្រកាលប្រកបដោយពណ៌បៃតង និងមានបរិស្ថានអនាម័យល្អ ក្នុងការអនុវត្តទៅតាមការកំណត់របស់អង្គការយូនីស្កូ ដើមី្បថែរក្សាសោភណ្ឌភាពប្រាង្គប្រាសាទ និង ទីបូរាណដ្ឋាន ហើយដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និង បានចាប់ឆ្នោតយកក្បាលដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់អភិវឌ្ឍពាក់ស្នែង ស្រុកអង្គរធំ ដើម្បីឲ្យអាជ្ញាធរជាតិអប្សរា រៀបចំតំបន់រមណីយដ្ឋានអង្គរឲ្យកាន់ តែមានភាពទាក់ទាញឡើង ។ លោកបានបញ្ជាក់ថា កងដឹកជញ្ជូនរបស់កងពលធំអន្តរាគមន៍លេខ២ មានកម្លាំងចូលរួម ១០៤នាក់ ប្រើប្រាស់រថយន្ត ១៦គ្រឿង និង បានដឹកជញ្ជូនលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ បាន ៤១៤ខ្នងផ្ទះ ស្នើ ៤៨៥ដីឡូត៌ មាន ៥២៩ជើង ដែលមានប្រជាពលរដ្ឋ ១ពាន់៨៩៥នាក់ ដែលបានដំណើរការដឹកជញ្ជូនចាប់ពីថ្ងៃទី ១៥ ធ្នូ ឆ្នាំ២០២២ មកដល់ថ្ងៃនេះ ។ មានប្រសាសន៍នោះដែរលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានធ្វើការកោតសរសើរចំពោះ វីរៈភាពរបស់កងកម្លាំងខេមរភូមិន្ទ មានភាពអត់ធ្មត់មិនថា នៅក្រោមកំដៅថ្ងៃ ឬភ្លៀង បាន ធ្វើការយ៉ាងមុះមុត ទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការចុះជួយធ្វើការលើកដាក់ដឹកជញ្ជូនសម្ភារៈ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋស្ម័ត្រចិត្តរុះរើសំណង់របស់ខ្លួន ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ។ លោកបានបន្តថា ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និង ការលើកទឹកចិត្តដល់បងប្អូនកងកម្លាំង របស់កងពលធំអន្តរាគមន៍លេខ២ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ ក្នុងការដោះស្រាយនូវការខ្វះខាតរបស់បងប្អូន ។ លោកក៏បានធ្វើការថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និង កងកម្លាំងខេមរភូមិន្ទ ដែលបានយកចិត្តទុកដាក់ខ្ពស់ ជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង បង្កភាពងាយស្រួលដល់បងប្អូន ក្នុងពេលធ្វើការផ្តាស់ប្តូរទីតាំងនេះ ។ ម៉្យាងទៀត សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ក៏នៅតែបន្តធ្វើសកម្មភាពមនុស្សធម៌ នៅគ្រប់មូលដ្ឋាន ដែលជួបការលំបាក និង ខ្វះខាត ។ក្នុងនោះដែរឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានថ្លែងអំណរគុណ ចំពោះយោធភូមិភាគទី៤ និង សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដែលតែងតែធ្វើការសហការជាមួយរដ្ឋបាលខេត្ត ក្នុងវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងមនុស្សធម៌ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះប្រជាពលរដ្ឋកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីមករស់នៅតំបន់ថ្មី បងប្អូននឹងបានទទួលដីកាន់កាប់ដោយស្របច្បាប់ នឹង ជួយធ្វើឲ្យប្រាសាទអង្គរវត្តមរតកដូនតាយើង មិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ។ ម៉្យាងទៀត សកម្មភាពមនុស្សធម៌នេះ ជាប្រពៃណីដែលយើងមិនអាចខ្វះបាន ដែលសមាគមចលនាយុវជន កម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប ដែលតែងតែជួយគ្រឿងឧបភោគបិភោគដល់កងទ័ព និងប្រជាពលរដ្ឋក្រីក្រពិតប្រាកដនៅក្នុងសង្គមជាតិ និង សូមឲ្យបន្តប្រពៃណីចែករំលែកនេះ ចូលជ្រៅទៅដល់មូលដ្ឋានដែលជួបការខ្វះខាតបន្តទៀតផងដែរ ៕