ខេត្តសៀមរាប៖លំនៅដ្ឋានរបស់ពលរដ្ឋធ្វើពីឈើលើថ្មក្រោមមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២១ និង៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចផ្ទះ ស្ថិតនៅ ភូមិគោកចាស់ ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។
លោកវីរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ក្អោប សារឹម ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិ/ឃុំកើតហេតុ។តាមការអះអាងម្ចាស់ផ្ទះ គឺ ផ្ទះទំហំ 7m × 7m ឈើខាងលើ ថ្មខាងក្រោម ប្រក់ស័ង្កសី។ ម្ចាស់ផ្ទះបញ្ជាក់ថា រយ:ប្រហែល ១៥ថ្ងៃមុន នៅពេលប្ដីគាត់ដោតឌុយខែ្សភ្លើងបូមទឹក គឺ ឌីសង់ទ័រលោតភ្លើង(ឆ្លងប្រព័ន្ធភ្លើង) ២-៣ដងហើយ ក៏មិនដែលបានបូមទឹក។ករណីនេះបណ្តាលឲ្យ ឆេះខូចខាតផ្ទះ១ខ្នងទាំងស្រុង និងឆេះអស់ទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួន តែពុំមានគ្រោះថ្នាក់ដល់មនុស្ស នោះទេ។ បន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍ និងប្រជាការពារភូមិ និងប្រជាពលរដ្ឋ ចូលរួមជួយពន្លត់ភ្លើង ប្រើប្រាស់ធុងដងទឹកជះ និងម៉ូទ័របូមទឹក ហើយបន្ទាប់រថយន្តពន្លត់អគ្គិភ័យស្រុកពួក បានជួយអន្តរាគន៍ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន បានរលត់ភ្លើងទាំងស្រុងនៅម៉ោង ២២ និង៤៥នាទី។លោកបន្តថា នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋានស្រុកពួក សហការជាមួយកម្លាំងការិល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះពិនិត្យស្រាវជ្រាវបន្ថែមនៅកន្លែងកើតហេតុ ។ការសន្និដ្ឋាននិងវាយតម្លៃ របស់ការិយាល័យជំនាញថា ករណីខាងលើបណ្ដាលមកពី ទុសេចរន្ធអគ្គិសនី និងខ្សែភ្លើងតចូលព្រីក្នុងផ្ទះ៕AFN