ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យភាក្សាសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ។ក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ជាសមាជិកក្រុមការងារអន្តរក្រសួង។អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារអន្តរក្រសួង ទាំងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងនិងបង្កើតបាននូវសេចក្ដីព្រាងអនុក្រឹត្យពាក់ព័ន្ធទាំង៣នាពេលនេះ។សូមបញ្ជាក់ថាសេចក្ដីព្រាងអនុក្រឹត្យទាំង៣ដែលប្រជុំពិនិត្យពិភាក្សានាថ្ងៃនេះ រួមមាន សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,សេចក្ដីព្រាងអនុក្រឹត្យស្ដីពីបែបបទនិងនីតិវិធីនៃការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,និងអនុក្រឹត្យស្ដីពីការប្រើប្រាស់និងចាត់ចែងទ្រព្យសម្បត្តិបង្កកនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕