ខេត្តសៀមរាប៖លោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បន្ទាប់ពីបានចូលជួបសម្តែងការសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាពរួចមក នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានមកទស្សនកិច្ច នៅសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការអភិរក្សសត្វស្លាប និងសក្តានុពលទេសចរណ៍។
លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹថា នៅក្នុងសង្កាត់ជ្រាវនេះ មានសក្តានុពលទេសចរណ៍ជាច្រើន ហើយភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតំបន់នេះ អាចឈ្វេងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទស្សនទិដ្ឋភាពវាលស្រែអមជាមួយថ្ងៃលិចដ៏ស្រស់ស្អាត ការជិះរទះគោ និងទស្សនាសត្វស្លាបនៅបឹងពារាំង។
យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធដើម្បីអភិរក្សធនធានជលផល បានថ្លែងដែរថា អង្គការរបស់លោកបានកំពុងតែធ្វើសកម្មភាពជួយទៅបណ្តាញសហគមន៍ទេសចរណ៍បឹងទន្លេសាប ដូចនេះការទស្សកកិច្ចរបស់ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់នេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅពេលដែលពួកគាត់បានឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូបែបនេះហើយ ពួកគាត់និងជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរអាល្លឺម៉ង់ ដើម្បីឱ្យមកកម្សាន្តនៅទីនេះ។លោកក៏រំពឹងថា បន្ទាប់ពីលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ គាត់បានមកឃើញនៅទីនេះដោយផ្ទាល់ហើយនោះ អាចនឹងមានការជួយដូចជាពាក់ព័ន្ធការអភិក្សសត្វនៅបឹងពារាំង និងការលើស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ លោកជំទាវ Gabriele KATZAMAREK បានមានប្រសាសន៍ថា លោកជំទាវពិតជាមានការពេញចិត្តនៅពេលបានមកដល់ទីនេះ ដោយបានឈ្វេងយល់ពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋានដោយផ្ទាល់ ជាពិសេនោះគឺការបង្ហាញពីក្បាច់គុណល្បុកតោ ដែលកំពុងតែមានភាពល្បីល្បាញ ការបង្ហាញពីការផលិតអង្ករដោយប្រើប្រាស់ឧបករណ៍ពីបុរាណ របៀបកែឆ្នៃសំណល់ផ្លាស់ទិចឱ្យក្លាយជារបស់ប្រើប្រាស់ ការជិះរទះគោ និងការបានទស្សនាសត្វស្លាបរាប់ពាន់ក្បាលនៅក្នុងបឹងអភិរក្ស។ដែលទាំងនេះវាពិតជាគួរឱ្យចាប់អារម្មណ៍បំផុត៕AFN