សៀមរាប៖លោកវរសេនីយ៍ឯក លឹមសម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកនេះថា កម្លាំងនគរបាលស្រុកប្រាសាទបាគង បានសហការគ្នា ដេញឃាត់ខ្លួនស្ត្រីដៃស្អិតម្នាក់ជំនាញដោះក្រវិលក្មេងៗក្នុងខេត្តសៀមរាបបានសម្រេចជាច្រើនដង។ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោកបន្តថា ដោយអនុវត្តន៍តាមការណែនាំ របស់ លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនៃ ស្នង ការដ្ឋាននគរបាល ខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួល ផែន ការងារ ព្រហ្មទណ្ឌ ក៏ដូចជាអនុវត្តន៍តាមផែនការ របស់គណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង។ជាក់ស្តែង កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាមានមនុស្សស្រីម្នាក់ ជិះម៉ូតូម៉ាកហុងដា សេរីឆ្នាំ២០០៥ ពណ៌ក្រហម មកធ្វើសកម្មភាព លួចដោះក្រវិលកូនគាត់ ចំណុចភូមិពពេលឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។លោកបន្តថា ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលបាគង និងកម្លាំងប្រជាការពារ សហការជាមួយកម្លាំអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើការប្រដេញ និងស្ទាក់តាមផ្លូវចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។ លោកបញ្ជាក់ថា តាមចម្លើយសារភាព ជនសង្ស័យមានឈ្មោះ ភួង សុជាតិ ហៅចំបើង ភេទស្រី អាយុ២៤ឆ្នាំនៅភូមិលលៃ ឃុំបាគងស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាជនសង្ស័យ) បានឆ្លើយថា ខ្លួនពិតបានធ្វើសកម្មភាពលួចដោះក្រវិល (លោហៈធាតុពណ៌លឿង)ពីត្រចៀកក្មេងៗ ពិតប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើកផងដែរ។លោកបន្តថា វត្ថុតាងដកហូតបានរួមមាន៖ម៉ូតូម៉ាកហុងដាសេរីឆ្នាំ២០០៥ ពណ៌ក្រហមដែលជនសង្ស័យជិះធ្វើសកម្មភាព ចំនួន០១គ្រឿង,លោហធាតុពណ៌លឿង ចំនួន២គូរ (១គូទំងន់២ហ៊ុន និង១គូរទៀតទំងន់៣ហ៊ុន)។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញស្រុកប្រាសាទបាគង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធី នៃច្បាប់៕ប្រុសខ្មៅ