ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លើបុរសជនជាតិជប៉ុនម្នាក់ ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ ពាក់ព័ន្ធករណីដឹកជញ្ជូនថ្នាំញៀនជិត២គីឡូក្រាម ពីកម្ពុជា ទៅប្រទេសជប៉ុន។ ជនជាប់ចោទមានឈ្មោះ NONAKA SHUNICHI ភេទប្រុស អាយុ៧២ឆ្នាំ ជាជនជាតិជប៉ុន មុនចាប់ខ្លួនកាន់លិខិតឆ្លងដែនលេខ TK 5670834។
នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបញ្ជូនខ្លួនជនជាតិជប៉ុនម្នាក់ បម្រុងនាំថ្នាំញៀនជាង១គីឡូក្រាមឆ្លងដែនក្រៅប្រទេស ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពី សមត្ថកិច្ចគយ និងរដ្ឋាករ សហការជាមួយនគរបាលច្រកទ្វារ និងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិជប៉ុនម្នាក់ បម្រុងនាំថ្នាំញៀនជាង១គីឡូក្រាម ឆ្លងដែនទៅក្រៅប្រទេស កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ករណីខាងលើនេះ លោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ថា ជនសង្ស័យជាជនជាតិជប៉ុនដែលត្រូវឃាត់ខ្លួនឈ្មោះ NONAKA SHUNICHI ភេទប្រុស អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ជាគោលដៅចុងក្រោយទៅកាន់ប្រទេសជប៉ុន ។ ចំពោះវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ប្រមាណជិត២គីឡូក្រាម សមត្ថកិច្ចរបស់លោក នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។ ចំណែក លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្ដាញអ្នកសារព័ត៌មានក្នុងស្រុកដែរថា ជនសង្ស័យ មានគោលដៅនាំថ្នាំញៀនពីប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុនយ៉ាងពិតប្រាកដ ដោយប្រើរូបភាពបង្កប់ក្នុងវ៉ាលីស៍ដាក់ខោអាវ៕