ខេត្តរតនគិរី៖ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលក្រុងបានលុងដឹកនាំដោយលោក ធូ ឃឿ អភិបាលក្រុងបានលុងបញ្ជាផ្ទាល់ចុះសម្របសម្រួល និងដោយអនុវត្តពីលោក វ៉ាន់ សោភា អភិបាលរងខេត្តដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ មានរបៀបរៀបរយនៅមុខផ្សារ ជាពិសេសនោះទៅលើអាជីវករដែលកំពុងលក់ដូរនៅលើចិញ្ចើមផ្លូវមុខផ្សារ ឬក៏នៅកន្លែងដែលហាមឃាត់។
ក្នុងការចុះអនុវត្តអាជ្ញាធរក្រុងបានលុងឃើញថាមានតូបលក់ដូរមួយកន្លែងដូចជាឈ្មោះ សម ស្រីនាង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។នេះបើតាមការឲ្យដឹងពីលោក ហេង តារាម្ចាស់វិនិយោគតំបន់ ១.២.៣ និងលោក ជួនសុផល បានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា បុគ្គលឈ្មោះ សម ស្រីនាង ខាងវិនិយោគផ្សារ បានណែនាំនិងធ្វើសេចក្តីជូនដំណឹងឲ្យរុះរើចេញឈប់ឲ្យលក់នៅទីកន្លែងនេះជាច្រើនដងមកហើយ ប៉ុន្តែឈ្មោះ សម ស្រីនាងមិនបានរើចេញតាមការណែនាំខាងផ្សារនោះទេ។ក្រុមហ៊ុនផ្សារបានឲ្យដឹងថា ខាងក្រុមហ៊ុនផ្សារបានរៀបចំតូបឲ្យរួចហើយ ប៉ុន្តែឈ្មោះសម ស្រីនាង មិនបានទៅទទួលយកតូបតាមការរៀបចំខាងតំណាងផ្សារ ហើយសូម្បីខាងរដ្ឋបាលក្រុងបានលុងក៏ធ្លាប់ចេញសេចក្តីជូនដំណឹងឲ្យឈ្មោះ សម ស្រីនាង រើតូបចេញពីទីតាំងនោះផងដែរ។ឈ្មោះ សម ស្រីនាងមិនអនុវត្តតាមការណែនាំរបស់តំណាងផ្សារ ឬក៏អាជ្ញាធរនោះទេ ដោយម្ចាស់តូបមិនសហការជាមួយអាជ្ញាធរ និងតំណាងផ្សារទើបរហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ទើបគណ:បញ្ជាការឯកភាពក្រុងបានលុង មកចុះអនុវត្តរុះរើតែម្ដងទៅ។ខណៈពេលដែលចុះអនុវត្តតូបឈ្មោះ សមស្រីនាង មិនបានឃើញវត្តមាននៅតូបនោះទេ តែបានឃើញកូនប្រុសរបស់គាត់មកលក់ឲ្យម្ដាយខ្លួនទៅវិញ។ឈ្មោះ លីន តៃគ័ង ជាកូនឈ្មោះ សម ស្រីនាង បានឲ្យសារព័ត៌មានយើងដឹងថា ម្ដាយរបស់ខ្លួនបានទៅភ្នំពេញបាត់ហើយ ទើបខ្លួនបានមកលក់ជំនួសឲ្យម្ដាយទើបតែប៉ុន្មានថ្ងៃនេះទេ។ដោយឡែកអាជីវករធ្លាប់លក់ដូរនៅមុខផ្សារលើចិញ្ចើមផ្លូវបានលើកឡើងថា ក្រោយពីបានទទួលតូបលក់ដូរបានត្រឹមត្រូវតាមការរៀបចំតំណាងផ្សារបានលុងនោះពួកគាត់មានការសប្បាយចិត្ត និងរីករាយយ៉ាងខ្លាំង។ហើយពួកគាត់ក៏បានសូមអរគុណដល់គណៈកម្មការតំណាងរៀបចំផ្សារបានលុងផងដែរ។ទាក់ទិនបញ្ហាខាងលើនេះសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកស្រី សម ស្រីនាង ជាម្ចាស់អាជីវករតូបបានទេ ដោយមិនមានលេខទូរសព្ទ៕ ដោយ÷ សាវ័ន្ត