ខេត្តព្រះសីហនុ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លេីងដឹកអ្នកដំណើរ បុកប៉ះជាមួយរថយន្តធំមួយគ្រឿង ដែលឆ្លងផ្លូវ រថភ្លើង បណ្តាលឲ្យភាគីអ្នកបើករថភ្លើងរងបួសធ្ងន់ ចំនួន២នាក់ និងភាគីខាងរថយន្ត រងរបួសធ្ងន់ ចំនួន២នាក់ដូចគ្នា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកដីម៉ាក ហីយិនដាយនេះ បើកបរដោយឈ្មោះ វើ ជីវ័ន ភេទប្រុស អាយុ៣៣ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅពេទ្យ ស៊ុនយ៉ាឃៀល បូកគោខេត្តកំពត។ ចំណែកអ្នករួមដំណើរឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ៤០ ឆ្នាំ របួសស្រាល។ សមត្ថកិច្ចបន្តថា រថភ្លើងដឹកអ្នកដំណើរមានអ្នកជិះចំនួន២២នាក់ ស្រី១១នាក់ សំណាងមិនបណ្ដាលឲ្យមានអ្នករងរបួស ចំណែកអ្នកបើករថភ្លើងឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុស អាយុ៥៥ ឆ្នាំ មានទីលំនៅ ផ្សារដេប៉ូ១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញរបួសបាក់ភ្លៅខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកអ្នកបើកបរម្នាក់ទៀត ឈ្មោះ រុំ ភេទប្រុស អាយុ ៣៩ឆ្នាំ របួសស្រាល។ ក្រោយកើតហេតុរថភ្លើងខូចខាតក្បាលខាងមុខយ៉ាងដំណំទើបមិនអាចបន្តដំណើរទៅមុខបានទៀតទេ៕