ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសជនជាតិចិន២នាក់រងរបួសធ្ងន់ដោយសារតែជនជាតិថៃ៣នាក់ ដេញតាមកាប់ដោយសារភ្លើងគំនុំ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការណ៍ដល់កន្លែងកើតហេតុ បង្ក្រាបជនសង្ស័យជាជនជាតិថៃបានចំនួន៣នាក់ ដកហូតកាំបិតតាំងតោ១។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៣នាក់ ១ឈ្មោះ Soraprach Kiryapong ភេទប្រុស ជនជាតិថៃ ២ឈ្មោះ Supphachai Setteemut ភេទប្រុស ជនជាតិថៃ ៣ឈ្មោះ MONSAK AIMYOO ភេទប្រុស ជនជាតិថៃ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាដោយសាររឿងគំនុំមិនអាចអត់អោនឲ្យគ្នាបាន ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាព ដោយយកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះទាំង២នាក់ ១ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ២ឈ្មោះLIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន បណ្តាលឲ្យរងរបួសជាច្រើនកន្លែងធ្ងន់ ជនរងគ្រោះបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែនដោយសាររឿងគំនុំ។ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៕