ខេត្តសៀមរាប៖ជនសង្ស័យចំនួនពីរនាក់ ធ្វើសកម្មភាពលួចទូរសព្ទក្នុងបន្ទប់ជួលមួយកន្លែងនៅភូមិវាល សង្កាត់សំបួរ ត្រូវកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ឃាត់ខ្លួនទៅតាមបណ្ដឹងរបស់ជនរងគ្រោះ នៅថ្ងៃទី ២២ខែមីនាឆ្នាំ ២០២៣នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មាន៖០១-ឈ្មោះហ៊ុប ហាវ ហៅក្រឡោត ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ខេត្ត ឧត្តមានជ័យ និងទីលំនៅបច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុង/ខេត្តសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន )០២-ឈ្មោះក្រឹម ប៉ូច ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្ននៅភូមិវាល សង្កាត់សំបួរ ក្រុង/ខេត្តសៀមរាប( ធ្លាប់ជាប់មណ្ឌលកែប្រែករណីគ្រឿងញៀន )ពាក់ព័ន្ធនិងករណី អំពើលួច (លួចទូរស័ព្ទ) នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង០៣,៣០នាទី នៅចំណុចផ្ទះជួល ក្នុងភូមិកន្រ្តក សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច ទូរស័ព្ទ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះឆាយ សារ៉េត ភេទប្រុស អាយុ៤៩ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ ម៉ាកOPPO ចំនួន០១គ្រឿង នឹងម៉ាកRealme ចំនួន០១គ្រឿង ក្រោយពីបាត់ជនរងគ្រោះក៏បានស្វែងរក នឹងចុចទៅលេខទូរស័ព្ទរបស់ខ្លួន ចូលហើយ ជនសង្ស័យក៏ចុចបិទ លុះប្រហែលម៉ោង០៦,០០នាទី មានប្រជាពលរដ្ឋបានទូរស័ព្ទមកជនរងគ្រោះថា មានជនសង្ស័យយកទូរស័ព្ទមកលក់អោយខ្លួន ក្នុងពេលនោះខ្លួនឃើញទូរស័ព្ទដែលជនសង្ស័យកាន់មានគេតេមកហើយជនសង្ស័យចុចបិទ។ បន្ទាប់មកខ្លួនក៏មើលទូរស័ព្ទជនសង្ស័យ ហើយលួចកត់លេខដែលខលនោះទុក រួចប្រាប់ទៅជនសង្ស័យថា មិនទិញទេ ។ជនសង្ស័យចេញទៅបាត់ ខ្លួនក៏តេប្រាប់មកជនរងគ្រោះតាមរយៈលេខដែលបានកត់ទុក ហើយជនរងគ្រោះក៏មកប្តឹងរាយការណ៍ដល់សមត្ថកិច្ច។ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះទៅស្រាវជ្រាវដល់តូប ដែលតេប្រាប់មកជនរងគ្រោះ ហើយកំណត់បានមុខសញ្ញាបាន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើទាំងពីរដែលកំពុងប្រើប្រាស់ថ្នាំញៀនខុសច្បាប់រួមជាមួយវត្ថុតាង(ទូរស័ព្ទ)ហើយយកមកសួរនាំ ។
ជនសង្ស័យឈ្មោះក្រឹម ប៉ូច បានឆ្លើយសារភាពថា ទូរស័ព្ទខាងលើ គឺបក្ខពួកខ្លួន(គេចខ្លួន)ជាអ្នកលួចហើយអោយខ្លួនយកទៅលក់ ។ -ជនសង្ស័យឈ្មោះហ៊ុប ហាវ ហៅឡោត បានឆ្លើយសារភាពថា ខ្លួនបានដឹងដែរថាបក្ខពួកខ្លួនលួចទូរស័ព្ទ ហើយខ្លួនបានទិញទូរស័ព្ទ ពីបក្ខពួកផងដែរ ។វត្ថុតាងដកហូតបាន ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ បិទតែមប្រិ៍ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ ១AC-៥០៨១ ទូរស័ព្ទដៃចំនួន០២គ្រឿង-បានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល វិជ្ជមាន(ជាតំរុយមេតំហ្វេតាមីន)។
បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាប កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំងពីរទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕