ខេត្តសៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ២០នាក់ ស្រី០៣នាក់ នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកពួក កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងពិធីនេះគេក៍សង្កេតឃើញមាន វត្តមានការចូលរួមពី លោកនាយ-លោកនាយរងការិយាល័យ និងលោកអធិការស្រុកចំនួន០៥ ផងដែរ។លោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ លោកឧត្តមសេនីយ៍ទោ ស្នងការ និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានមានប្រសាសន៍លើកសរសេីរ ដល់កងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក និងបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ និងជូនពរដល់កងកម្លាំងនគរបាលទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕