ខេត្តសៀមរាប៖អាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងថាគិតត្រឹមដើមសប្តាហ៍នេះ កម្លាំងចម្រុះនៃរដ្ឋបាលក្រុងសៀមរាប បានចាប់ក្រុមអាជីវករលក់ដូត្រីសាច់និងម្ហូបអាហារ លើចំណីផ្លូវនៅចំណុចម្ដុំមុខផ្សារលើធំថ្មី បណ្តាលឲ្យជះក្លិនឆ្អេះឆ្អាប បាត់បង់សណ្ដាប់ធ្នាប់ សាធារណៈយ៉ាងខ្លាំង។
អាជ្ញាធរបានឲ្យដឹងថានៅគ្រានេះសមត្ថកិច្ចគ្រាន់តែឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរយ៉ាងអាណាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិតទៅទៀត។
អាជ្ញាធរបញ្ជាក់ថា ដោយមានបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំខេត្តក៏ដូចជាថ្នាក់ដឹកនាំក្រុងសៀមរាប បានចាត់ក្រុមការងារចម្រុះឱ្យធ្វើការបោសសំអាតការលក់ដូរអាណាធិបតេយ្យលើដងផ្លូវសាធារណៈឲ្យបានដូចភ្លៀងរលឹម ដើម្បីលើកមុខមាត់ក្រុងទេសចរណ៍សៀមរាបអង្គរនៃយើង។
ប្រភពក្រៅផ្លូវការបានឲ្យដឹងថា អ្នកលក់ដូរលើផ្លូវសាធារណៈនៅក្នុងក្រុងសៀមរាប តាមប្រភេទរម៉កមីឆារ,ម៉កដឹកផ្លែឈើ,ឡានដឹកត្រីក៏ដូចជាចតម៉ូតូលើចំណីផ្លូវ ជាដើមគឺត្រូវបានគេបង់លុយឲ្យជនឆ្មក់ឱកាស ជាធ្នូនិងការមិនបង្ក្រាប។ដូច្នេះមហាជនស្នើឲ្យអាជ្ញាធរតាមដានមន្ត្រីគ្រាប់ល្ពៅមួយចំនួនខាងលើឲ្យឈប់ធ្វើសកម្មភាពបែបនេះតទៅទៀត ដើម្បីឲ្យក្រុងសៀមរាប ក្លាយជាតំបន់ទេសចរណ៍បៃតងដ៏ស្រស់ស្អាត។
ជាមួយគ្នានោះដែរមហាជនសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរខេត្តនិងអាជ្ញាធរក្រុងសៀមរាប ដែលបានបញ្ចេញកណ្ដាប់ដៃដែកចុះបង្ក្រាបទីតាំងលក់ដូរណាធិបតេយ្យខាងលើ៕AFN