Thursday, November 28, 2024
Header Banner

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប!

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេញមួយថ្ងៃ នាថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវការកោតសរសើរ និង ឯកភាពតាមរបាយការណ៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានបញ្ជាក់អំពី ខ្លឹមសារសំខាន់ៗ ដែលសន្និបាតយកទៅពិភាក្សា ដោយផ្តោតទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ តុលាការ ការរៀបចំក្រុងសៀមរាប ក្នុងការចូលរួម អនុវត្តគម្រោង ទីក្រុងវៃឆ្លាត និងការងារវឌ្ឍនភាព នៃការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន និងក្រុង ស្រុក នៅទូទាំងខេត្តសៀមរាប ។ ល។សម្ដេចពិជ័យសេនា ក៏បានសម្ដែងនូវ គាំទ្រនិង ឯកភាពផងដែរ តាមស្មារតីនៃអង្គសន្និបាតដែលបានលើកឡើង ហើយសម្ដេចបានសង្ឃឹម និងជឿជាក់ថា បញ្ហាដែលនៅសេសសល់ រដ្ឋបាលគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់ខេត្ត ស្រុកក្រុង ឃុំសង្កាត់ នឹងបន្តខិតខំអនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ដោយច្បាប់ បទដ្ឋានគតិយុត្តិ ដែលរដ្ឋបាលនីមួយៗមានការទទួលខុសត្រូវ ទៅតាមច្បាប់ជាធរមាន ក៏ដូចជាចូលរួមគាំទ្រ ដល់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល កម្មវិធីការងាររបស់រដ្ឋបាលខេត្ត ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបានដាក់ចេញនូវការគ្រប់គ្រង ឆ្លើយតបនៃវិបត្តិ និង បញ្ហាប្រឈមនានា ប្រកបដោយសុខភាព ដើម្បីស្ដារផលប៉ះពាល់នានារបស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ , ករណីគ្រោះទឹកជំនន់ និង វិបត្តិនានាជាសកល បានធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន ៧,២% នៅឆ្នាំ២០២២ ជាពិសេស ប្រទេសយើងមានតួនាទីជាប្រធានអាស៊ាន ដែលបានសម្រេចដោយជោគជ័យ និង ជាប្រវត្តិសាស្ត្រ នៃការរៀបចំប្រជុំសភាអាស៊ានលើកទី៤០ និងទី៤១ ។

ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញនិងណែនាំដល់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ នូវភារកិច្ចចំពោះមុខ លើការទទួលស្វាគមន៍នូវខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ , ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង ប៉ារ៉ាហ្គេម ២០២៣ ព្រមទាំងធ្វើការជំរុញដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពង្រឹងការបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន និង ធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ស្រទាប់យុវវ័យ ពិសេសត្រូវណែនាំដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណហួសការបរិច្ឆេទ ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងមូលដ្ឋានខ្លួន ដើមី្បត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។ ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់ជាកិត្តិយសបំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារ ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃឆ្នើមលើការងារស្នូលប្រចាំឆ្នាំ២០២២ចំនួន១១៦រូបទៀតផង ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម