ខេត្តរតនគិរី៖ ប្រជាពលរដ្ឋប្រហែលជាង៣០០នាក់តំណាងឲ្យ៣១២គ្រួសាររស់នៅក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានសម្រេចចិត្តរួមគ្នាជួលត្រាក់ទ័រចំនួន៣គ្រឿង ឈួសឆាយលុបផ្លូវដែលក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ បានកាយផ្តាច់មិនឲ្យពួកគាត់ជាប្រជាពលរដ្ឋឆ្លងកាត់នោះ តភ្ជាប់ឡើងវិញនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋជាចាស់ទុំនៅកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានយើងដឹងថា កាលពីអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ បានកាយផ្តាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះឆ្លងកាត់ទៅមកឡើយ ដែលនេះជាបញ្ហាលំបាកដល់ពួកគាត់រស់នៅតំបន់នេះ។ ប៉ុន្តែបញ្ហានេះកាលនោះពួកគាត់ជាប្រជាពលរដ្ឋបានរួមគ្នាដាក់លិខិតបណ្តឹងចូលទៅមូលដ្ឋានភូមិ-ឃុំ-ស្រុកឲ្យជួយអន្តរាគមន៍សម្រួលដោះស្រាយ តែរឿងរ៉ាវនេះបានអូសបន្លាយរាប់ឆ្នាំនៅតែគ្មានពន្លឺក្នុងការដោះស្រាយសម្របសម្រួលជូនដល់ពួកគាត់ជាប្រជាពលរដ្ឋរស់នៅតំបន់នោះឡើយ ដោយពួកគាត់បានត្រឹមតែសញ្ចឹងរងចាំហើយគ្មានដំណោះស្រាយ។
ប្រជាពរដ្ឋបានលើកឡើងបន្តទៀតថា ក្នុងរឿងរ៉ាវទុក្ខលំបាករបស់ពួកគាត់ជាប្រជាពលរដ្ឋមិនត្រឹមតែមិនដោះស្រាយនោះទេ តែនៅពេលថ្មីៗនេះ នាអំឡុងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ភាគីខាងក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ បានបិទប៉ារ៉ាស់កាយផ្តាច់ផ្លូវជាថ្មីមួយកន្លែងបន្ថែមទៀត។ ដោយក្រុមហ៊ុនខាងលើនេះបានឲ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មីចំនួន៣១២គ្រួសារនោះ ធ្វើដំណើរតាមខ្នងទំនប់លើកថ្មី ដែលក្រុមហ៊ុនបានកាយលើកឲ្យខ្ពស់ដើម្បីការពារទឹកជំនន់នៅរដូវទឹកឡើង។ ប៉ុន្តែបញ្ហានេះប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ មិនអាចទទួលយកផ្លូវនោះបានឡើយ ដោយពួកគាត់សំអាងថា ការធ្វើចរាចរណ៍តាមផ្លូវលើខ្នងទំនប់នោះ គឺមានហានិភ័យគ្រោះថ្នាក់ខ្ពស់។ ម្យ៉ាងផ្លូវដែលក្រុមហ៊ុនចម្ការចេកហ័ងអាញ់យ៉ាឡាយ កាយផ្តាច់បិទប៉ារ៉ាស់មិនឲ្យពួកគាត់ជាប្រជាពលរដ្ឋឆ្លងកាត់នោះ គឺជាផ្លូវចាស់តដំណរតាំងពីដូនតារបស់ពួកគាត់មកយូរហើយ។ មិនមែនទើបតែបានកើតពេលដែលមានក្រុមហ៊ុននេះនោះទេ ព្រោះក្រុមហ៊ុននេះទើបនិងកើតក្នុងអំឡុងឆ្នាំ២០១២ប៉ុណ្ណោះ។
ជាការសំណូមពរប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើបានលើកដៃសំពះអង្វរដល់ថ្នាក់ដឹកនាំខេត្តរតនគិរី ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងទ្វេរមេត្តាជួយអន្តរាគមន៍ និងផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋពួកគាត់ដែលរស់នៅក្នុងភូមិនេះទាំងអស់ទទួលបានភាពយុត្តិធម៌ និងធ្វើដំណើរលើផ្លូវចាស់ពីដូនតារបស់ពួកគាត់នេះប្រកបដោយក្តីសុខឡើងវិញផង។
ដោយឡែកបញ្ហានេះ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា រឿងក្រុមហ៊ុននេះបានកើតឡើងមិនក្រោម៣លើកនោះទេ ហើយកន្លងទៅអាជ្ញាធរខេត្តរតនគិរី បានយកចិត្តទុកដាក់បង្កើតគណៈកម្មាការជួបប្រជុំដោះស្រាយប្រកបដោយការទទួលខុសត្រូវ ម្យ៉ាងក៏មានការព្រមព្រៀងគ្នាផងដែរ ដោយឲ្យភាគីក្រុមហ៊ុនត្រូវអនុវត្តពីមុនយ៉ាងម៉េចបន្តរក្សាដូចដើមធម្មតា។ ប៉ុន្តែបញ្ហានេះមូលហេតុអ្វីបានជាភាគីក្រុមហ៊ុននៅតែបង្ករការស្មុគស្មាញដល់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋរងការលំបាក។
លោក អភិបាលខេត្តរតនគិរី បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះនៅថ្ងៃស្អែករដ្ឋបាលខេត្តនិងចេញ ស.ជ.ណ អនុវត្តលើវិធានការនេះ៕ដោយ÷ សាវ័ន្ត