ខេត្តសៀមរាប៖កម្លាំងរដ្ឋព្រៃឈើសៀមរាប ចាប់ខ្លួនប្រធានសហគមន៍ម្នាក់និងអនុភូមិពពេលម្នាក់ ករណីកាប់រំលំដើមឈើនិងការដកបង្ខិតបង្គោលព្រំនិងបំផ្លាញស្លាក់សញ្ញាហាម ប្រព្រឹត្តបទល្មើសនៅក្នុងសហគមន៍ព្រៃខ្លុង ស្ថិតនៅក្នុងភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បញ្ជូនមកតុលាការខេត្តសៀមរាប។
លោកម៉ុន ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣នេះថា ចាប់តាំងពីថ្ងៃទី២៧រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣កម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ និងខេត្តបានសហការគ្នាចុះពិនិត្យជាក់ស្តែងចំណុចទីតាំងឈូសឆាយកាប់រានផ្តួលរំលំដើមឈើមាន៤ចំណុចនិយាមកា( 426455,1516598 -426332,1516161-425214,1517121-425395,1516797 )ក្នុងភូមិសាស្រ្តភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។លោកបន្តថា ចំណុចទីតាំងទី១ បទល្មើសទន្រ្ទានដីព្រៃតំបន់ទ្រនាប់សហគមន៍អស់ទំហំប្រហែល១ហិកតា រុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រដែលមានអង្កត់ផ្ចិតចាប់ពី៣០សង់ទីម៉ែត្រទៅ៤០សង់ទីម៉ែត្រ។ចំណុចទីតាំងទី២ បទល្មើសទន្រ្ទានដីព្រៃចូលក្នុងសហគមន៍ព្រៃឈើអស់ទំហំ០,៥ហិកតារុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រមានអង្កត់ផ្ចិតពី៣០ទៅ៤០សង់ទីម៉ែត្រ។ចំណុចទីតាំងទី៣ និងទី៤ ឃើញមានកាប់ផ្តួលរំលំដើមឈើដោយរណាយន្ត មានអង្កត់ផ្ចិតពី៣០ទៅ៦០សង់ទីម៉ែត្រ និងមានកំពស់ពី១០ទៅ២៥ម៉ែត្រ ដែលមានប្រភេទឈើ ធ្នង់ផ្ចឹក សុក្រម ឈ្លីក ស្វាយព្រៃ ខ្លុង ខ្វាវ។ក្រុមការងារសហការជាមួយប្រជាពលរដ្ឋដើររាប់តាមគល់ឃើញមានចំនួន១២២៥ដើម។
បន្ទាប់មកក្រុមការងារបានកោះប្រជុំជាមួយសមាជិកគណៈកម្មាការសហគមន៍ព្រៃឈើព្រៃខ្លុងដើម្បីស្រាវជ្រាវរកមូលហេតុ និងអ្នកប្រព្រឹត្តបទល្មើស។
មូលហេតុគឺបណ្តាលមកពី លោក ទិត សុខាក់ ប្រធានសហគម៍ និងលោក សរ ឈាន អនុប្រធានភូមិត្រពាំងពពេល ជាមេផ្តើមគំនិតកសាងផ្លូវកាត់មុខសហគមន៍ ហើយខ្វះខាតលុយឲ្យថ្លៃគ្រឿងចក្រធ្វើផ្លូវ ក៏ចូលទៅកាប់ឈើលក់ដើម្បីយកលុយសងគេ ។ករណីនេះលោកបានដឹកនាំមន្រ្តីក្រោមឱវាទចុះបំផុសជាមួយប្រជាពលរដ្ឋឲ្យចូលរួមប្រមូលវត្ថុតាង (ឈើហ៊ុបមូល) ដាក់ជាគំនរមួយដុំដើម្បីឲ្យក្រុមការងារងាយស្រួលក្នុងការវាស់វែង។នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ និងលោក អ៊ុត សារី នាយរងសង្កាត់បាននាំខ្លួនជនសង្ស័យចំនួន២រូប គឺឈ្មោះ ទិត សុខាក់ ប្រថានសហគមន៍ព្រៃឈើព្រៃខ្លុង និងឈ្មោះ សរ ឈាន អនុភូមិត្រពាំងពពេល ពីភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ មកកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ ។ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើនិងសមាជិកសហគមន៍ព្រៃឈើបានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក ។ បទល្មើសកាប់រលំដើមឈើភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតា។
ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងនៅល្ងាចថ្ងៃទី៣១ខែមីនាឆ្នាំ ២០២៣នេះថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោកវែង មួយគា បានសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើដាក់ពន្ធនាគារបណ្ដោះអាសន្ន៕AFN