Thursday, November 28, 2024
Header Banner

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា៖សភាពាណិជ្ជកម្មតាមបណ្ដាខេត្ត គួររៀបចំកម្មវិធីជួបជុំយ៉ាងតិច១ឆ្នាំម្ដង ដើម្បីឲ្យសមាជិក មានឱកាសបានជួបជុំ និងស្វែងយល់ពីគ្នា!

ខេត្តសៀមរាប៖ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីជួបជុំសមាជិក អាណត្តិទី៣ លើកទី១ របស់សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ នារាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យសភាពាណិជ្ជកម្មនៅតាមបណ្ដាខេត្ត ជាពីសេសមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ត្រូវបន្តរៀបចំកម្មវិធីជួបជុំបែបនេះ យ៉ាងហោច១ឆ្នាំម្ដង ដើម្បីអោយសមាជិកសមាជិកា ពាណិជ្ជករ អាជីវករ មានឱកាសបានជួបជុំ និងស្វែងយល់ពីគ្នា។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ទៀតថា ការជួបជុំគ្នាក្នុងឱកាសនេះ ពិតជាមានតម្លៃ នឹងផ្តល់ផលវិជ្ជមានដល់ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ អាចស្វែងយល់ពីគ្នាបានកាន់តែច្រើន ជាពិសេសលើមុខរបរ អាជីវកម្ម និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលធ្វើយ៉ាងណាអោយវិស័យធុរកិច្ច ពាណិជ្ជកម្ម ក្នុងខេត្តរបស់មានការអភិវឌ្ឍន៍ជាលំដាប់។ ជាមួយនោះលោកឧកញ៉ា បានសម្តែងការអបអរសាទរចំពោះ លោកឧកញ៉ា ហ៊ុយ ភៀវ ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ជាថ្មីម្ដងទៀត ដែលនេះសរបញ្ជាក់អោយឃើញនូវការដឹកនាំដ៍ ប៉ិនប្រសព្វ និងការទទួលខុសត្រូវខ្ពស់របស់ លោកឧកញ៉ាដែលបានញុំាងអោយសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដើរតួនាទីជាមួយសភាពាណិជ្ជកម្មកម្ពុជាមិនអាចខ្វះ បានក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

បើតាមលោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបញ្ជាក់ថា ពិធីជួបជុំពិសាអាហារសាមគ្គីនេះ ធ្វើឡើងដើម្បីបង្កើតទំនាក់ទំនងរវាងសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អ្នកប្រកបមុខរបរអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗគ្នា បានស្គាល់គ្នាក្នុងនាមជាសមាជិកសមាជិកាសភាពាណិជ្ជកម្មដូចគ្នា និងបង្កើតទំនាក់ទំនងរវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ សភាពាណិជ្ជកម្មកម្ពុជា គឺជាគ្រឹះស្ថានសាធារណៈមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ធ្វើការងារបម្រើឲ្យវិស័យឯកជន ដោយពុំស្វែងរកនូវប្រាក់ចំណេញឡើយ។ ការចូលរួមរបស់សមាជិក សមាជិកា ពាណិជ្ជករ អាជីវករ ដើម្បីធ្វើការងាររួមគ្នា និងជំរុញវិស័យឯកជននៅក្នុងខេត្តទាំងពីរឲ្យមានការរីកចម្រើន ព្រមទាំងបង្កើតឱកាស ហើយក៏សង្ឃឹមថា វានឹងហុចផលដល់មនុស្សជំនាន់ក្រោយ និងពេលអនាគត។សូមជម្រាបថា នៅក្នុងពិធីនោះដែរ គ៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក ឈួន អាន សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ រួមនឹងសមាជិក សមាជិការ ពាណិជ្ជករ អាជីវករជាច្រើនចូលរួមទៀតផង។ ថ្លែងក្នុងអាជ្ញាធរខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ពោះរបស់លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមយ៉ាងមានតម្លៃចូលរួមក្នុងឱកាសនេះ ដែលញ៉ាំឲ្យកម្មវិធីកាន់តែមានបរិយាកាសរីករាយយ៉ាងក្រៃលែងបំផុត។ លោកក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសហការីដែលបានផ្តួចផ្តើមរៀបចំឲ្យជួបជុំគ្នារវាងសមាជិក សមាជិការ ពាណិជ្ជករ អាជីវករ នៅក្និងខេត្តទាំងពីរ ដើម្បីរឹតចំណងមិត្តភាពនឹងគ្នា មន្ត្រីរាជការទាំងវិស័យរដ្ឋ និងឯកជនផងដែរ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម