ខេត្តសៀមរាប៖ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំខ្មែរទី២ ខេត្តសៀមរាបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងកម្សាន្ត មានចំនួនប្រមាណ ៦៥៣.៦៧០នាក់។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀងប្រមាណ ៦៥៣.៦៧០នាក់នោះ សម្រាប់អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៦៥០.០០០នាក់ ដោយបានទៅលេងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន, តំបន់ទន្លេសាប និងសហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗ។ ដោយឡែកសម្រាប់់ភ្ញៀវទេសចរបរទេស មានចំនួន ៣.៦៧៩នាក់។គួរឲ្យដឹងថា គិតត្រឹមរយៈពេលពីរថ្ងៃ ថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប មានអ្នកទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តសរុបចំនួនប្រមាណ ១.០៩០.៣៤៩នាក់ ក្នុងនោះអ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០៨០.០០០នាក់ ដោយបានអ្នកទៅកំសាន្តជាច្រើន រួមមាន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាប ,រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន, តំបន់ទន្លេសាប និងសហគមន៍ទេសចរណ៍ តំបន់រមណីយដ្ឋានផ្សេងៗទៀតក្នុងខេត្ត។ ដោយឡែកសម្រាប់ទេសចរបរទេស មានចំនួន ១០.៣៤៩នាក់ផងដែរ។សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍គម្រប់ខួប១០ឆ្នាំផងដែរ នៃព្រឹត្តិការណ៍សង្ក្រាន្ត ដែលឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ដោយមានកម្មវិធីកំសាន្ដជាច្រើន រួមមមាន កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ កម្មវិធីភូមិវិចិត្រករឯក កម្មវិធីសួនញញឹមអង្គរ កម្មវិធីរបាំបុរាណ ប្រពៃណី និងល្បែងប្រជាប្រិយ កម្មវិធីប្រគួតអុកចត្រង្គ កម្មវិធីគោមបណ្ដែតទឹក កម្មវិធីគុនល្បុកតោ កម្មវិធីអាហារនៃក្ដីស្រាលាញ់ កម្មវិធីពិព័រណ៌សង្ក្រាន្ដ កម្មវិធីភូមិខ្ញុំ កម្មវិធីផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្មវិធី “នេះមិនមែនជាសុបិន”កម្មវិធី”សួនមុនីហទ័យជាដើម៕AFN