ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឆែប ខេត្តព្រះវិហារ បានឃាត់ខ្លួនដៃដល់ក្នុងករណីឃាតកម្មនៅក្រុងបាវិតបានហើយ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ តែជនដៃដល់បានលេបថ្នាំសម្លាប់ខ្លួន ហើយត្រូវក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះផងដែរ។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ជនដៃដល់មិនអាចសួរចម្លើយបាននៅឡើយទេ ហើយក៏បានប្រគល់ជូនកម្លាំញនាយកដ្ឋានព្រហ្មទណ្ឌ និងជំនាញខេត្តស្វាយរៀង យកទៅបន្តនីតិវិធី។
សូមរំលឹកថា កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នារីវ័យ២៤ម្នាក់ត្រូវបានជនដៃដល់សម្លាប់កាត់ក្បាលដាច់ចេញពីដងខ្លួនទាំងអាក្រាតកាយនៅក្នុងបន្ទប់ជួល។ ជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារជនរងគ្រោះផង។ចំណែកជនសង្ស័យក៏កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីលេបថ្នាំប៉ងសម្លាប់ខ្លួនឯង៕ស.រ