Thursday, November 28, 2024
Header Banner

Update៖សិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប….

ខេត្តសៀមរាប៖នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២៣នេះ មានបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី ខេត្ត ព្រមទាំងអ្នកអាជីពសារព័ត៌មានក្នុងខេត្ត សរុបប្រមាណ ២០០នាក់ចូលរួមជាសិក្ខាកាម ។ មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ លោកខៀវ កាញារិទ្ធ បានធ្វើការក្រើនរំឮកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និង ឲ្យមានប្រភពច្បាស់លាស់ ដែលការផ្សាយព័ត៌មានពិត វានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ។ ឯកឧត្តមក៏បានលើកឡើងដូចនេះ ក្នុងឱកាស ដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជូនដល់មន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្រមសីលធម៌មានសារសំខាន់ វាមិនមែនមានលក្ខណៈបង្ខំ ត្រូវមានទោស ឬឧក្រិដ្ឋកម្មបទល្មើសទេ ប៉ុន្តែក្រមសីលធម៌ ដូចជាខ្យល់នៅក្នុងបាឡុង ,ទី១ រក្សាតម្លៃថ្លៃថ្នូររបស់យើងអ្នកកាសែត ដែលបង្ហាញថាយើងមានវិជ្ជាជីវៈត្រឹមត្រូវ ពិតប្រាកដ យើងបានឆ្លងកាត់ការរៀនសូត្រ , ទី២ វាបានបង្ហាញពីការផ្តល់តម្លៃ ទៅលើមនុស្សនៅក្នុងសង្គមទាំងអស់គ្នា»។ ឯកឧត្តមបានបន្តទៀតថា ការប្រើប្រាស់ភាសាថ្លៃថ្នូរ និងការរក្សាភាពថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មាន គឺរក្សាបាននូវតម្លៃថ្លៃថ្នូរ ជាពិសេសបានបង្ហាញឲ្យដឹងពីកម្រិតសិក្សាអប់រំ ការយល់ដឹងរបស់អ្នកសារព័ត៌មាន ព្រមទាំងអ្នកពាក់ព័ន្ធជាដើម ។ ដូច្នេះ ( ក្រមសីលធម៌ តាមរយៈការធ្វើការងារដោយវិជ្ជាជីវៈ ) ធ្វើជាអ្នកសារព័ត៌មាន យើងត្រូវធ្វើការងារដោយក្រមសីលធម៌ ត្រូវគោរពក្រមសីលធម៌នេះឲ្យបាន ត្រូវនិយាយ និងគោរពមនុស្សទាំងអស់នៅក្នុងសង្គមដូចគ្នា ។ លោកម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមថា ក្នុងនាមជាអ្នកសារព័ត៌មាន មិនត្រូវវាយតម្លៃអ្វីថាល្អ ឬអាក្រក់នោះទេ ក៏ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវឈរនៅផ្លូវកណ្តាល ហើយអ្នកសារព័ត៌មាន ត្រូវនិយាយតែព្រឹត្តិការណ៍ណាដែលបានកើតមានឡើងនៅក្នុងសង្គម ។ ប៉ុន្តែ សម្រាប់ការងារមួយចំនួនធំ វាអាចនឹងក្លាយជារនាំងសម្រាប់ការងារផ្សព្វផ្សាយព័ត៌មាន របស់អ្នកសារព័ត៌មានផងដែរ ។ លោកម ខៀវ កាញារិទ្ធ បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រូវចេះពីក្រមសីលធម៌ យល់ពីច្បាប់ ស្តីពីរបបអ្នកសារព័ត៌មាន និងច្បាប់ដែលពាក់ព័ន្ធ ដើម្បីដឹងថា តើសិទ្ធិរបស់ខ្លួនមានទំហំប៉ុណ្ណា ដើម្បីអាចផ្សព្វផ្សាយនូវព័ត៌មានទាំងនេះបាន មិនមែនគ្រាន់តែថតរួចហើយផ្សព្វផ្សាយនោះទេ។ ក៏ប៉ុន្តែរាល់ព័ត៌មានដែលបានធ្វើការផ្សព្វផ្សាយ និង មានការប៉ះពាល់ ហើយបានកែតម្រូវឡើងវិញនោះ ក៏ត្រូវធ្វើការផ្សាយឡើងវិញផងដែរ ក្នុងការបញ្ជាក់ពីក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ។ សូមបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មាន ដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ ។មានប្រសាសន៍នោះដែរលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សារព័ត៌មាន គឺជាកញ្ចក់ឆ្លុះ បញ្ចាំងសង្គម តែសារព័ត៌មានមួយចំនួន ក៏បានធ្វើការបំពុលសង្គមផងដែរ ។ លោកបានបន្តទៀតថា ថ្ងៃនេះគឺបានបង្កលក្ខណៈ ដល់បងប្អូនអ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទី ភារកិច្ច និងសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្នុងការបញ្ជៀសរាល់កំហុសឆ្គងក្នុងការសរសេរព័ត៌មាន ដើមី្បធ្វើការផ្សព្វផ្សាយជាសាធារណៈនៅក្នុងសង្គម ។ ក្នុងកិច្ចស្វាគមន៍របស់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បានលើកឡើងអំពីលទ្ធផលការងារ ដែលមន្ទីរបានអនុវត្តកន្លងមក និង ការគ្រប់គ្រងស្ថាប័នអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីស្របច្បាប់ បានកំពុងធ្វើសកម្មភាព ក្នុងខេត្ត ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈម និង សំណូមពរមួយចំនួនផងដែរ ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម