Thursday, November 28, 2024
Header Banner

ក្បូនដង្ហែព្រះអគ្គិជ័យកីឡាបានចេញពី ខេត្តសៀមរាប បន្តដំណើរទៅខេត្តកំពង់ធំ ឆ្ពោះទៅភ្នំពេញ

ខេត្តសៀមរាប៖ព្រះអគ្គិជ័យកីឡា ក្រោយពីបានវិលត្រឡប់ពីបណ្តាប្រទេសអាស៊ានចូលដល់មាតុប្រទេសកម្ពុជា នឹងបានបន្តដំណើរក្បួនដង្ហែឆ្លងកាត់តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ហើយបានមកដល់ខេត្តសៀមរាប នៅថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៣ ត្រូវបានទទួលស្វាគមន៍ពីព្រះសង្ឃ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប យកទៅរក្សាដំកល់ទុកព្រះអគ្គិជ័យកីឡានៅវត្តរាជបូណ៌ ក្រុងសៀមរាប។ លុះនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានធ្វើការប្រគល់ដល់គណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ក្រោមការដឹកនាំរបស់ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ។

ក្នុងការទទួលស្វាគមន៍នោះដែរ នៅមុខទីបញ្ជាការដ្ឋានយោធិភូមិភាគទី៤ ដែលមានលោកមេបញ្ជាការ បញ្ជាការរង នាយ នាយរងការិយាល័យ នាយទាហាន ពលទាហាន បានអញ្ជើញធ្វើការបដិសណ្ឋាកិច្ច ចំពោះគណៈប្រតិភូ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ដែលបានធ្វើការដង្ហែឆ្លង កាត់ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង តាមបណ្តោយផ្លូវជាតិលេខ៦  រហូតទៅដល់ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ ដើមី្បធ្វើការផ្ទេរប្រគល់បន្តដំណើរដង្ហែព្រះអគ្គិជ័យកីឡា និង គប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្ពោះទៅកាន់រាជធានីភ្នំពេញ នឹងទៅដល់ពហុកីឡាដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ប្រកបដោយទឹកមុខរីករាយស្រស់ស្រាយ ដោយមានលាយឡំនូវសម្រែកជ័យឃោសប្រកបដោយសុជីវធម៌បរិសុទ្ធ សន្តិភាព សាមគ្គីភាព ក្រោមប្រធានបទ (កីឡារស់ក្នុង សន្តិភាព ) ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ  សុខ រិនណា មេបញ្ជាការរងយោធភូមិភាគទី៤  បានសង្ឃឹមយ៉ាងមុតមាំថា គ្រប់អត្តពលិកកម្ពុជាយើង និង បញ្ចេញនូវគ្រប់បច្ចេកទេសដែលខ្លួនបានហ្វឹកហាត់ ក្នុងការប្រកួតគ្រប់វិញ្ញាសារកីឡាស៊ីហ្គេម និង ទទួលបានមេដាយបានច្រើនជូនជាតិមាតុភូមិខ្លួន ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍ ស៊ីហ្គែមលើកទី៣២ និង អាស៊ាមប៉ារ៉ាហ្គែមលើកទី១២ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជារងចាំអស់រយៈពេល៦៤ឆ្នាំ រហូតកម្ពុជាមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ ក្រោមប្រធានបទ (កីឡារស់ក្នុងសន្តិភាព ) ជាមោទនៈភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលសបញ្ជាក់ឲ្យឃើញពីសុខសន្តិភាពបរិបូណ៌ និង ការអភិវឌ្ឍ លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាន ធ្វើឲ្យកម្ពុជាមានអ្វីៗគ្រប់យ៉ាង និង ធ្វើឲ្យមានភាពសុសសាយលើឆាកអន្តរជាតិ ។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គែមលើកទី៣២ និង អាស៊ាមប៉ារ៉ាហ្គែមលើកទី១២នេះ  កងកម្លាំងនៃយោធភូមិភាគទី៤ ក៏ បានចូលរួមលើការងាររក្សាសន្តិសុខ សុវត្ថិភាព ជូនដល់ក្រុមកីឡាករ កីឡាការិនី និង ប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្ត ក្នុង ការប្រកួតស៊ីហ្គែមលើកទី៣២ និង អាស៊ាមប៉ារ៉ាហ្គែមលើកទី១២នេះ  ដែលមកប្រកួតវិញ្ញាសារជឹះកង់ឡើងភ្នំ, រត់ និងដើរ នៅលើទឹកដីខេត្តសៀមរាបផងដែរ ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម