ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធុនធំដឹកជ្រូក០១គ្រឿងបានរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពាន រួចផ្លោងជ្រុលធ្លាក់កាប៊ីនអុកនឹងដីក្រឡាប់ បណ្ដាលឲ្យសង្កត់ស្លាប់ម្នាក់ របួស១២នាក់ ។
ហេតុការណ៍នេះបានកើតឡើង លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ខាងកើតវីរះ ការពារ៩១១ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២០ ។សមត្ថកិច្ចបន្តថា៖គ្រោះថ្នាក់ចរាចរណ៍នោះបង្កឡើងដោយខ្លួនឯង រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759 ។រថយន្តផ្ទុកទំនិញធុនធ្ងន់ដឹកសត្វជ្រូក បើកទិសដៅពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់នៅក្នុងរថយន្ត។ប្រភពបន្តថា នៅពេលដែលកំពុងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹង ។ បណ្តាលឲ្យរថយន្តផ្លោងលើបង្កាន់ ដៃស្ពានជាប់ពាក់កណ្តាល ចំណែកក្បាលរថយន្តបានធ្លាក់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ របួសធ្ងន់ស្រាល១២នាក់ ។ ក្នុងនោះរបួសធ្ងន់៦នាក់ ស្រាល ៦នាក់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើត ហេតុបានរត់គេចខ្លួនបាត់ ស្រមោលតែម្តង។ ក្រោយពីកើតហេតុហើយរថយន្តត្រូវបាននគរបាលជំនាញ ចរាចរណ៍ស្រុកអូរជ្រៅ រៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដើម្បីរកម្ចាស់និងអ្នកបើកបរឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ៖ព្រំដែន