ខេត្តសៀមរាប៖នៅព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសាររត់ម៉ារ៉ាតុងបុរស-នារី នៃប្រភេទអត្តពលកម្ម បានចាប់ផ្តើមដំណើរការហើយ នៅតំបន់ប្រាសាទអង្គរវត្ត ក្នុងរយៈចម្ងាយប្រវែង ៤២,១៩៥ គីឡូម៉ែត្រ ដោយការវិលជុំ គឺចាប់ផ្ដើមពីមុខប្រាសាទអង្គរវត្ត ដល់ក្លោងទ្វារដៃឆ្នាំ ខាងជើងប្រាសាទបាយ័ន រួចបត់ត្រឡប់មកវិញ ដោយការវិលជុំ ដែលមានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី៩ប្រទេសចូលរួម ខណៈឡាវ និងព្រុយណេ អវត្តមាន ។
ការប្រកួតលើវិញ្ញាសារដើរប្រណាំង ( បុរស-នារី ) ចំងាយ២០ គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅម៉ោង៤រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ ដោយមានអត្តពលិកចំនួន១៥រូប ។សូមជម្រាបជូនថា វិញ្ញាសារអត្តពលកម្ម ក្នុងខេត្តសៀមរាប មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣នេះ ការប្រកួតមានវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅបរិវេនខាងមុខប្រាសាទអង្គរវត្ត៕ស.រ