ខេត្តសៀមរាប៖ឯកឧត្តមហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍន៍ខ្លួនឱ្យទទួលបានជោគជ័យ។
ឯកឧត្តមហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង របស់សាកលវិទ្យាល័យអង្គរ ក្នុងបុរីសៀងណាំ ក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។
អគារថ្មីរបស់សាកលវិទ្យាល័យអង្គរ បានសាងសង់អស់រយៈជាង១៥ខែលើផ្ទៃដី១៤០០ម៉ែត្រក្រឡា ចំណាយថវិកាសរុបចំនួនប្រមាណជាង១លាន៥០ម៉ឺនដុល្លារ។ អគារសិក្សាថ្មីនេះចែកចេញជា បន្ទប់សិក្សា បណ្ណាល័យ ការិយាល័យ បន្ទប់ទទួលភ្ញៀវ សាលប្រជុំ បន្ទប់ហាត់ការ ទីកន្លែងហាត់ប្រាណ ព្រមទាំងបំពាក់ដោយជណ្តើរយន្ត និងបំពាក់សម្ភារឧបទេសសិក្សា។ល។
អ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមប្រឹក្សានៃសាលវិទ្យាល័យអង្គរ មានប្រសាសន៍ថា៖សាកលវិទ្យាល័យអង្គរ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប បានបង្កើតឡើងនៅឆ្នាំ២០០៤ ។ បច្ចុប្បន្នសាកលវិទ្យាល័យអង្គរ បានបង្កើតរចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការរៀន និងបង្រៀនប្រកបដោយគុណ ភាពខ្ពស់ ដែលមានសាកលវិទ្យាធិការដ្ឋាន ការិយាល័យចំនួន០៤ មជ្ឈមណ្ឌលចំនួន០៤ បណ្ណាល័យចំនួន ០១ និងក្លឹបចំនួន០៤។ដោយសារតែមានកំណើននិស្សិតជាមធ្យម ៥០ភាគរយជារៀងរាល់ឆ្នាំ តម្រូវការសំណង់ និងធនធាន រូបវន្តនានាសម្រាប់ការងារបណ្តុះបណ្តាល ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ. បានសម្រេចសាងសង់នូវអគារសិក្សាថ្មីនៅខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្តែងនូវការសាទរចំពោះ សាកលវិទ្យាល័យអង្គរ ទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយនឹងការសម្ពោធអគារសិក្សាថ្មីដ៏ទំនើប និងធំស្កឹមស្កៃ។ ឯកឧត្តម វាយតម្លៃខ្ពស់ថា ទាំងនេះ គឺជាគុណតម្លៃនៃការខិតខំប្រឹងប្រែងដ៏សកម្មរបស់ អ្នកឧកញ៉ា សៀង ណាំ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យអង្គរ, សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៅក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស និងការពង្រឹងគុណភាពអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយសព្វថ្ងៃសាកលវិទ្យាល័យអង្គរ ក៏មានឈ្មោះល្បីល្បាញ និងត្រូវបានទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខមួយក្នុងខេត្តសៀមរាប ដែលបណ្ដុះបណ្ដាលមុខជំនាញជាច្រើន ដោយរាប់ចាប់ពីជំនាញក្សេត្រសាស្រ្ដ ដល់ជំនាញសុខាភិបាល ៕AFN