ខេត្តសៀមរាប៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស និងដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចូលរួមបង្កើត និងបើកបង្ហាញនូវសមិទ្ធផលដែលជាមោទកភាពជាតិ ដើម្បីប្រាប់ពិភពលោកថា “ខ្មែរធ្វើបាន” ហើយកម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យសៅរ៍អ៉ីសថ៍អេយសៀ ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានរួមចំណែកសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។
ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជាកំពុងមានមោទកភាពជាតិ ដែលខ្មែរមានវឌ្ឍនភាពរីកចម្រើនស្មើមុខស្មើមាត់ ហើយអន្តរជាតិក៏បានស្គាល់ខ្មែរកាន់តែច្បាស់ ទាំងនេះក៏ដោយសារខ្មែរមានធនធានមនុស្សប្រកបដោយសមត្ថភាព និងសាមគ្គីភាពរួបរួមគ្នាក្នុងធ្លុងនៃស្មារតីជាតិនិយមបែបវិជ្ជមាន។ ឯកឧត្តម បណ្ឌិត បញ្ជាក់ទៀតថា ពិតណាស់ចំណេះដឹង គឺជាអំណាចដែលផ្តល់នូវសេរីភាព ជម្រើស ឥទ្ធិពលក្នុងការប្រកួតប្រជែង ភាពម្ចាស់ការឯករាជ្យ និងឱកាសគ្រប់បែបយ៉ាង។ ដូច្នេះសូមបន្តរួមគ្នាជាខ្មែរតែមួយ ដើម្បីបង្កើតជាថាមពលវិជ្ជមាន តាមរយៈការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ឱ្យបានកាន់តែខ្ពង់ខ្ពស់ ស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង។ លើសពីនេះ ក៏សូមបន្តដុសខាត់ផ្នត់គំនិត និងអត្តចរិតរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការបើកចិត្តឱ្យទូលំទូលាយ និងដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។
បើតាមលោក សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានឲ្យដឹងថា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដូច្នេះសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ មានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ ដើម្បីបណ្តុះបណ្តាលកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សំដៅរួមចំណែកអភិវឌ្ឍប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕