Thursday, November 28, 2024
Header Banner

កិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៣ ក្នុងសាលប្រជុំរដ្ឋបាលខេត្តសៀមរាបមានបើក កិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន។

ពិធីនេះក្រោមអធិបតីភាពរបស់ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ នៃក្រុមត្រួតពិនិត្យ និង ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ ឯកឧត្តម តេង សួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៩ និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រី នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ បញ្ជាការរង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង នាយ នាយរង មេឃុំ ចៅសង្កាត់ និង មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំង១០០ឃុំសង្កាត់ ចំនួន ៣០០នាក់ដែលបានចូលរួមផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានគូសបញ្ជាក់ពីលទ្ធផលការងារ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយបានធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និង តាម សាធារណៈ ឆ្នាំ២០២២ បានចំនួន ២ពាន់៦៥៤លើក មានប្រជាពលរដ្ឋចូលរួម សរុប ១៧២ពាន់៨១១នាក់ ស្រី ១០៣ពាន់៧៣៥នាក់ និង នៅរយៈពេល៥ខែដើមឆ្នាំ២០២៣ មានចំនួន ១ពាន់១៧២លើក មានប្រជាពលរដ្ឋចូលរួម សរុបចំនួន ១២៧ពាន់៨៦២នាក់ ស្រី ៦៦ពាន់២៦៤នាក់ ។ ចំពោះការងារប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ១ មាន៦៧ឃុំសង្កាត់ ចំណាត់ថ្នាក់លេខ២ មាន២៤ឃុំសង្កាត់ និង ចំណាត់ថ្នាក់លេខ៣ មាន ០៩ឃុំសង្កាត់។

ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ នៃក្រុមត្រួតពិនិត្យ និង ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានថ្លែងថា កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ព្រោះវាគឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ។ ការលើកឡើងបែបនេះរបស់ឯកឧត្តម លេង វី គឺនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ហើយឯកឧត្តម បានធ្វើការណែនាំដល់កងកម្លាំងដែលពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និង និន្នា ការនយោបាយ បក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះគឺជាផ្នែកមួយ ក្នុងការការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់ ។

ជាមួយគ្នានេះឯកឧត្តម លេង វី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងទាំងបីដែលបានខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ដែលបងប្អូនប្រជាពលរដ្ឋមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះគោលនយោបាយមួយនេះ។ ឯកឧត្តមបានបន្តថាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សមត្ថភាពរដ្ឋបាលថ្នាក់ក្រោម ជាតិ តាមរយៈការបន្ត ជម្រុញអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ លើការពង្រឹងភាពជាម្ចាស់ការរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និង គណេនយ្យភាព ។

ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ ដែលជាយន្តការសម្រាប់អាជ្ញាធរ កងកម្លាំងទាំងអស់ យកទៅអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន ។ សូមឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំសង្កាត់ ត្រូវជម្រុញការពង្រឹងលើការងារសន្តិសុខសង្គម ដោយជម្រុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ហើយកម្លាំង ប្រជាការពារភូមិ ក៏ជាកម្លាំងស្នូលនៅក្នុងមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និង ត្រូវមានកិច្ចសហការឲ្យបានល្អផងដែរ ។ឯកឧត្តម ក៏បានធ្វើការបកស្រាយពន្យល់ នូវចំណុចទាំង៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិ ភាពផងដែរ ៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម