ខេត្តសៀមរាប៖ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ នៅខេត្តសៀមរាប បានធ្វើឡើងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រីមន្ត្រីរាជការជាច្រើនចូលរួមផងដែរ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា គម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់ បងប្អូនប្រជាកសិករនានា ដោយហេតុថា គម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)ធ្វើជីកសិកម្មជីមមោគ និងបង្កើតខ្សែច្រវ៉ាក់ទីផ្សារ ជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ របស់វិស័យកសិកម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ ។
លោកបន្តថា ជាមួយគ្នានេះ ការផលិតជីមមោគនេះ ក៏រួមចំណែកក្នុងការកែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ។ក្រៅពីនោះវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹក កខ្វក់ក្នុងក្រុងសៀមរាប ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជំរុញឲ្យ ទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និងបរិស្ថានកាន់តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ ។
ស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ ស្ថិតក្នុងភូមិកន្ត្រកសង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប បានចាប់ផ្តើមសាងសង់នៅខែឧសភាឆ្នាំ២០២២ និងបានបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣ ។លោកចិក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេស របស់សមាគមអភិបាលក្រុង និយមនិយាយភាសា បារាំង (AIMF)សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស(SIAAP) និងទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប ដែលមានទំហំទឹកប្រាក់ប្រមាណជិត២លានអឺរ៉ូ។បើតាមលោក ចិក គឹមជុន សម្រាប់នាពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្តសៀមរាប ក៏មានគម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មបែបនេះមួយទៀតនៅផ្នែកខាងកើតក្រុងសៀមរាប ដែលមានផ្ទៃដីបម្រុងទុកប្រមាណជា៥០ហិកតា៕