ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីដ៏ស្រស់ស្អាតម្នាក់ នៅខេត្តកំពង់ស្ពឺ បានបាត់បង់់ជីវិត ដោយសារការវះកាត់កែសម្ភស្ស នៅមជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ រាជធានីភ្នំពេញ ហើយម្ចាស់ទីតាំងមិនមានការទទួលខុសត្រូវចំពោះក្រុមគ្រួសារជនរងគ្រោះឡើយ។
លោក ទន់ ពិសី ត្រូវជាបងរបស់ស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះមជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ បានធ្វើការវះកាត់កែសម្ភស្សប្អូនស្រីរបស់លោកបណ្តាលឱ្យមានបញ្ហារហូតបាត់បងជីវិត ដោយមិនទទួលខុសត្រូវទេ។ សាច់ញាតិស្ត្រីរងគ្រោះ បានអះអាងថា «គ្មានដំណោះស្រាយសូម្បីសួរសុខទក្ខ Block គ្រប់យ៉ាង»។
សូមជម្រាបថា មជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ ដែលមានទីតាំងនៅអគារS19 ផ្លូវអេលីត ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើការវះកាត់កែសម្ភស្សឱ្យស្ត្រីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះ ស៊ីនួន រិទ្ធីយ៉ា អាយុ ៣៤ឆ្នាំ មានទីលំនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងគ្រោះធ្ងន់ធ្ងរបំផុត ទើបបញ្ជូនបន្តៅទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតមួយថ្ងៃក្រោយមកក៏ទទួលមរណភាពតែម្តង។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះបានទៅព្យាបាល និងកែសម្ភស្សនៅមជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ ដោយធ្វើការវះកាត់បកយកខ្លាញ់ក្បាលពោះ និងចាក់បំពេញត្របកភ្នែក ថ្ពាល់ ត្រចៀក និងផ្នែកជាច្រើនទៀត។ ប្រភពបានបន្តទៀតថា ក្រោយពីវះកាត់បកខ្លាញ់ក្បាលពោះបានប្រមាណ២ម៉ោងប៉ុណ្ណោះ ស្ថានភាពអ្នកជំងឺហាក់មិនសូវល្អ និងមានសភាពធ្ងន់ធ្ងរបំផុត ទើបខាងមជ្ឈមណ្ឌលកែសម្ភស្ស បុរិន្ទ បញ្ជូនបន្តដើម្បីយកទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែតសម្រាកបានមួយយប់ក៏ស្លាប់។
យោងតាមលិខិតបញ្ជាក់មរណភាពរបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ការស្លាប់របស់ស្ត្រីឈ្មោះ ស៊ីនួន រិទ្ធយ៉ា មានសភាពធ្ងន់ធ្ងរ និងសន្លឹម បាត់បង់ឈាមច្រើន ដោយសារវះកាត់ ស្រទាប់ខ្លាញ់ក្រោមស្បែកពោះ បន្ទាប់មកមិនមានសញ្ញាបេះដូងឈប់ដើរ។
សូមបញ្ជា្កក់ដែរថា ម្ចាស់មជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ របស់លោកស្រី វេជ្ជបណ្ឌិត ទេព បុរិន្ទ ជាគ្រូពេទ្យឯកទេសសោភ័ណសល្យសាស្ត្រ បច្ចុប្បន្នបម្រើកការងារនៅមន្ទីរពេទ្យកាល់ម៉ែត និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមានតួនាទីមួយចំនួនទៀតផងដែរ។
លោក ទន់ ពិសី ដែលជាបងប្រុសស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា «ពេលនេះខាងមន្ទីរពេទ្យកែសម្ភស្ស បុរិន្ទ មិនទទួលខុសត្រូវឡើយ គឺគ្មានដំណោះស្រាយសូម្បីសួរសុខទក្ខ Block គ្រប់យ៉ាង»។
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះ បណ្តាញសារព័ត៌មាន បានព្យាយាមទំនាក់ទំនងទៅលោកស្រីវេជ្ជបណ្ឌិត ទេព បុរិទ្ទ ម្ចាស់មជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ ដើម្បីសុំការបកស្រាយករណីវះកាត់កែសម្ភស្សបណ្តាលឱ្យស្ត្រីឈ្មោះ ស៊ីនួន រិទ្ធិយ៉ា ស្លាប់បាត់បងជីវិតខាងលើនេះ ប៉ុន្តែប្រព័ន្ធទូរសព្ទគ្មានអ្នកទទួលឡើយ។
ចំណែកលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានសុខាភិបាលរាជធានីភ្នំពេញ ក៏មិនអាចទំនាក់ទំនងបានដូចគ្នា ដោយទូរសព្ទហៅចូលគ្មានការឆ្លើយតបដូចគ្នា។
ជុំវិញករណីមជ្ឈមណ្ឌល កែសម្ភស្ស បុរិន្ទ កោះពេជ្រ ធ្វើការព្យាបាល និងកែសម្ភស្សឱ្យស្ត្រីម្នាក់ រស់នៅក្នុងខេត្តកំពង់់ស្ពឺ ស្លាប់ខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះ បានទទួចស្នើរសុំឱ្យក្រសួងសុខាភិបាល មេត្តាជួយអត្តរាគមន៍ និងស្វែងរកយុត្តិធម៌ជួនពួកគាត់ផងដែរ៕