ខេត្តរតនគិរី៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា លោក អ៊ិត សឿង អធិការរងនគរបាលស្រុកកូនមុំ ត្រូវបានស្នងការនគរបាលខេត្តរតនគិរី ចេញ លិខិតបង្គាប់ការផ្អាកការងារ និងតួនាទីពីអធិការរងជាបណ្ណោះអាសន្ន ពាក់ព័ន្ធករណីលួចបើកបទល្មើសសង្វៀនជល់មាន់ នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
យោងតាមលិខិត បង្គាប់ការ របស់ស្នងការ ខេត្តរតនគិរី លេខ ៨៥០/២៣ ល.ប.ក ចុះ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បញ្ជាក់ថា ៖
១- ត្រូវបានផ្អាកការងារជាបណ្ណោះអាសន្ន ចំពោះលោក វរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ ៥៧០០ អធិការរង នៃអធិការរដ្ឋា ននគរបាលស្រុកកូនមុំ។ មូលហេតុប្រព្រឹត្ត ខុសទៅនិងវិន័យរបស់កម្លាំងនគរបាលជាតិ។
២- លោក វរសេនីយ៍ត្រី អ៊ិត សឿង ត្រូវមក បង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការរិយាល័យបុគ្គលិក ដើម្បីរងចាំចង្អុលណែនាំ របស់នាយកដ្ឋានបុគ្គលិក។
៣- លោក អ៊ិត សឿង ត្រូវគោរពនិងអនុវត្ត តាមលិខិតបង្គប់ការនេះចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ។
គួរបញ្ជាក់ថា មន្ត្រីនគរបាល ឈ្មោះ អ៊ិត សឿង រូបនេះបានប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុង របស់កម្លាំងនគរបាលជាតិ យ៉ាងធ្ងន់ធ្ងរ។
ករណីលួចបើកសង្វៀនជល់មាន់នេះ ដោយ រដ្ឋាភិបាលកំពុងតែរឹតបន្តឹង ពាក់ព័ន្ធករណី ភូមិ-ឃុំ មានសុវត្ថភាព មន្ត្រីនគរបាលរូបនេះ មិនបានជួយការពារសុវត្ថភាពជូនដល់ ប្រជាពលរដ្ឋ បែជាលួច ប្រព្រឹត្តនូវបទល្មើស ជល់មាន់ដោយខ្លួនឯងទៅវិញ៕ដោយ÷ សាវ័ន្ត