ខេត្តសៀមរាប៖កម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ (ប្រុស,ស្រី)ចំនួន០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆ,ក់កាបូប និងទូរស័ព្ទ ០៦លេីក )និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក នួន ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ។នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥.៥០នាទី ចំណុចផ្លូវ៣០ម៉ែត្រ ក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មានករណីអំពើលួច ( ឆក់កាបូប និងទូរស័ព្ទ ) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន០២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម បានធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅ នៅនឹងកន្រ្តកម៉ូតូជនរងគ្រោះឈ្មោះ ថ.រ.ន ភេទស្រី អាយុ២១ឆ្នាំរស់នៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ។ ដោយក្នុងកាបូបមានទូរស័ព្ទម៉ាកOPOPO F9 ពណ៌ស លាយខៀវ ចំនួន០១គ្រឿង ប្រាក់ចំនួន៦០ម៉ឺនរៀល អត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក កាតវ៉ាក់សាំងចំនួន០១សន្លឹក កាតធនាគារABA ចំនួន០១សន្លឹក ។ ក្រោយពីធ្វើសកម្មភាពហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ និងឆែកកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាជនសង្ស័យ ហេីយកម្លាំងយើងបានធ្វើការល្បាតតាមភូមិសាស្ត្រ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ អ៊ូច រ៉ូយ៉ាល់ ដែលកំពុងតែបើកបរម៉ូតូ សមត្ថកិច្ចយើងបានឲ្យជនសង្ស័យឈប់ តែជនសង្ស័យមិនព្រមឈប់ ព្យាយាមបេីកម៉ូតូគេច រហូតដួលម៉ូតូដោយខ្លួនឯង ទើបសមត្ថកិច្ចយើងឃាត់ខ្លួនបាន ព្រមទាំងបានសាកសួរផ្ទាល់មាត់ភ្លាមៗ ដោយជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងប្រពន្ធឈ្មោះ ផន កាត់ បានធ្វើសកម្មភាពឆ,ក់យកកាបូបជនរងគ្រោះពិតមែន បន្ទាប់មកកម្លាំងយើងបាននាំជនសង្ស័យ ទៅយកប្រពន្ធដែលធ្វើសកម្មភាពឆក់ជាមួយផងដែរ ។ ក្រោយពីនាំខ្លួនជនសង្ស័យទាំងពីរបានឆ្លើយសារភាពថាពួកខ្លួនបានធ្វើសកម្មភាពឆក់ បានចំនួន០៦លើក ហេីយលេីកចុងក្រោយនៅថ្ងៃកេីតហេតុខាងលេី រីឯប្រាក់ដែលលួចបានយកទៅបង់ថ្លៃរំលស់ម៉ូតូ និងចាយវាយអស់ ហើយទូរស័ព្ទបានទុកនៅជាងដោះលេខកូដ ចំណែកឯកសាររបស់ជនរងគ្រោះ បានដុតបំផ្លាញចោលអស់ ។វត្ថុតាងដកហូតបានៈ ម៉ូតូជនសង្ស័យចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០១គ្រឿង មួកការពារចំនួន០២ និងវិក័យបត្រចំនួន០១សន្លឹក អាវខាវប៊ូយពណ៌ខៀវដៃវែង របស់ជនសង្ស័យធ្វើសកម្មភាពចំនួន០១ ។ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមាន៖០១-ឈ្មោះ អ៊ូច រ៉ូយ៉ាល់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគីរីវង្ស ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន០២លើ់ក រយៈចំនួន០២ឆ្នាំ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស កាច់សោ ក ម៉ូតូ )។០២-ឈ្មោះ ផន កាត់ ភេទស្រី អាយុ២៣ឆ្នាំមុខរបរកម្មករសំនង់ មានស្រុកកំណើត និង ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
កម្លាំងសមត្ថកិច្ចបានធ្វើតេស្ត ស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងពីរ លទ្ធផល វិជ្ជាមាន (ជាតំរុយមេតំហ្វេតាមីន)ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕AFN