Thursday, November 28, 2024
Header Banner

សមត្ថកិច្ចបញ្ជូនខ្លួនបុរសម្នាក់ទៅសាលាដំបូង ករណីឆ្លុះសត្វក្នុងព្រៃតែបែរជាច្រឡំបាញ់ចំមិត្តភក្តិស្លាប់ នៅស្រុកវើនសៃ

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសៃ បញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីបាញ់ច្រឡំត្រូវមិត្តភក្តិបណ្ដាលឱ្យស្លាប់។ ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រហែល ៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំនុចក្នុងព្រៃក្រុមហ៑ុនម៉ាងយ៉ាង ស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ។យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពក់ ធឿន ភេទ ប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ ដើមគ្រឹង មុខរបរកសិករ រស់នៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។ រីឯជនរងគ្រោះឈ្មោះ ទិន កិ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ ដើមគ្រឹង មុខរបរកសិករ រស់នៅភូមិធួយអំពិល ឃុំចាអ៑ុង ស្រុកអូរជុំ ខេត្តរតនគិរី។ ក្រោយការឃាត់ខ្លួនជនសង្ស័យ បានដកហូតវត្ថុតាងអាវុធAK47 ១ដើម នៅកន្លែងកើតហេតុក្នុងព្រៃសង្ស័យជាអាវុធបង្កហេតុ។សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង០០និង៣០នាទីយប់ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានបបួលជនសង្ស័យទៅរកបាញ់សត្វ នៅចំណុចព្រៃក្បែរក្រុមហ៑ុនម៉ាងយ៉ាង ក្នុងឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។ ពេលទៅ ដល់ទីនោះជនសង្ស័យក៏បានឲ្យជនរងគ្រោះនៅអង្គុយចាំម៉ូតូ ហើយជនសង្ស័យបានចុះតាមអូរទៅរកបាញ់សត្វ ក្រោយមកជន សង្ស័យឆ្លុះភ្លើងកូបពិល គ្រវីចុះឡើងក៏ឃើញភ្នែកជនរងគ្រោះ ស្មានតែភ្នែកសត្វក៏បានលើកកាំភ្លើងបាញ់តែម្តង។ បន្ទាប់មកក៏ឮសម្លេងស្រែកអូយ ជនសង្ស័យបានរត់ទៅមើលឃើញ ជនរងគ្រោះត្រូវរបួសចំស្មារខាងឆ្វេង ហើយជនសង្ស័យក៏បានយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីដើម្បីព្យាបាល។ ពេលនោះគ្រូពេទ្យក៏បានលាងនិងដេរចំនួន៣ថ្នេរ រួចក៏បានរុំរបួសនោះកុំឲ្យចេញឈាម។យោងតាមការបញ្ជាក់របស់គ្រូពេទ្យឲ្យដឹងថា ពេលលាងរបួសឃើញមានឈាមហូរចេញពីក្នុងពណ៌ខ្មៅ មិនដឹងថាត្រូវរបួសដោយសាអ្វី មួយសន្ទុះក្រោយមកជនរងគ្រោះក៏បានដាច់ ខ្យល់ស្លាប់តែម្តង។ តាមការពិនិត្យកន្លែងកើតហេតុនិងចម្លើយសារភាពរបស់ជនសង្ស័យ គឺពីរកន្លែងឈរបាញ់មកកន្លែងជនរងគ្រោះ មានសភាពដីជំរៀលអូរ បាញ់ពីក្រោមរាងបញ្ឆិតឡើងលើ។សមត្ថកិច្ចជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបានពិនិត្យនិងធ្វើកោសល្យវិច័យសាកសព សភាពរឹង ស្លៀក ខោផ្កាឆ្នូត ជើងវែង រឹបចង្កេះ អាវដៃវែង ពណ៌ខ្មៅឆ្នូតស។ ស្លាកស្នាមសមត្ថកិច្ចឃើញនៅត្រង់ចុងស្មាដៃខាងឆ្វេង មានស្នាមរបួសរយ៉ះសាច់ទំហំ៤×២.៥សម ជំរៅដល់ឆ្អឺង (បែកឆ្អឹងដើមដៃ) ដេរ៣ថ្នេរ មុខរបួសនិងសាច់ក្នុងឡើងពណ៌ខ្មៅ ក្រៅពីនេះពុំស្លាក ស្នាមអ្វីទៀតឡើយ។សមត្ថកិច្ចសន្និដ្ឋានតាមការពិនិត្យសាកសពជនរងគ្រោះពិតជាស្លាប់ដោយសាការបង្កឡើងដោយគ្រាប់កាំភ្លើង ត្រូវរយ៉ះសាច់និងបែកឆ្អឹង ហូរឈាមច្រើន បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនឲ្យក្រុមគ្រូសារ ដើម្បីយកទៅធ្វើតាមប្រពៃណី។ ដោយឡែក ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕ដោយ៖សំខាន់

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម