ខេត្តសៀមរាប៖ ស្ពានបេតុមួយកន្លែងមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ២៣ម៉ែត្រ និងកម្ពស់ ៥ម៉ែត្រ តភ្ជាប់រវាងភូមិធាស្នា ឃុំស្នួល ស្រុកក្រឡាញ់ និងភូមិពង្រ(គោកលៀប) ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងវត្តមានលោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សា អាជ្ញាធរស្រុក ឃុំ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបណៃស្រុកទាំងពីរ។
លោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ឱ្យដឹងថា៖ស្ពាននេះ មានដើមកំណើតចាប់តាំងពីឆ្នាំ២០១៧ មកម្លេះ ដោយបានមើលឃើញពីទុក្ខ លំបាក របស់បងប្អូនប្រជាពលរដ្ឋ មានផលវិបាកក្នុង ការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ដើម្បីយកចង្ហាន់មកប្រគេនព្រះសង្ឍ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ និងធ្វើដំណើរឆ្លងកាត់ផង ញាតិញោមពុទ្ធបរិស័ទបានយកផ្ទះ ឈើចាស់ៗមកប្រគេនច្រើនផងនោះ ទើបព្រះសង្ឃនិងអាជ្ញាធរមូលដ្ឋាន បានផ្ដួចផ្ដើមសាងសង់ស្ពានឈើឆ្លងកាត់ស្ទឹងផ្លាំង សម្រាប់សម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។ដល់ឆ្នាំ ២០២៣ ស្ថានភាពស្ពានឈើ មានការ ទ្រុឌទ្រោមយ៉ាងខ្លាំងធ្វើអោយបងប្អូនប្រព ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ក៏បានមូលមតិគ្នាជាឯកច្ឆន្ទសាងសង់ជាស្ពានថ្មថ្មីកាលពី ខែមករា ឆ្នាំ២០២៣ ចំណាយថវិកាសរុបអស់ ១០៤,៦២៦,០០០រៀល (មួយរយបួនលាន ប្រាំមួយរយម្ភៃ ប្រាំ មួយពាន់រៀលគត់)។ សំណេះសំណាលនាពេលនោះ ឯកឧត្តម សៀង ណាំមានប្រសាសន៍ថា៖ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧មករា១៩៧៩និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នាស្រាប់ ។ឯកឧត្តម បញ្ជាក់ថា៖មានសម្តេចតេជោសែន មានសន្តិភាពនិងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហេតុនេះ សូមអំបាវនាវដល់ លោកតា លោកយាយ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនិង សម្រាប់បន្តការអភិវឌ្ឍ រីកចម្រើនលរុងរឿងលើគ្រប់វិស័យ និងប្រកបដោយសុខ សន្តិភាព និងស្ថេរភាពសង្គម ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយកុំឱ្យបាត់បង នូវសន្តិភាពដែលរកបានមកដោយលំបាកនេះ។ឯកឧត្តម សៀង ណាំ ចាត់ទុកស្ពានថ្មីនេះ ថាជាសមិទ្ឋិផលថ្មីបន្ថែមទៀតសម្រាប់គាំទ្រដល់អ្នករស់នៅមូលដ្ឋានជនបទ កាត់បន្ថយបានទាំងពេលវេលានិងថវិកា ក្នុងការធ្វើដំណើរ ជាពិសេសពេលស្ត្រីឆ្លងទន្លេ ការដឹកជញ្ជូនអ្នកជំងឺយប់ព្រលប់ និងជួយបង្កលក្ខណៈងាយស្រួលក្នុងទំនាក់ទំនងនិងដឹកកសិផលពីជនបទទៅកាន់ទីប្រជុំជន ។ល។ឯកឧត្តម ក៏បានចូលរួមថវិកាកសាងស្ពានចំនួន២០លានរៀលផងដែរ៕( ប្រភពពី៖មន្ទីរព័ត៌មានខេត្តសៀមរាប)