ខេត្តបន្ទាយមានជ័យ៖ផលិតផលពីសាច់សត្វមាន់ ជ្រូកបង្កកពីប្រទេសវៀតណាមនិងស៊ុតមាន់(ពងមាន់)ប្រហិតចម្រុះពីប្រទេសថៃសម្រុកចូលមកចរាចរលើទីផ្សារខេត្តបន្ទាយមានជ័យដោយខុសច្បាប់និងខូចគុណភាពជាច្រើនតោនតាមរយះរថយន្តក្រុងនិងរថយន្តសាំយ៉ុងត្រូវបានមន្រ្កីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យក្រោមការសម្របសម្រួលពីអយ្យការសាលាដំបូងបង្រ្កាប់យកទៅកម្ទេចចោល។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ចាប់តាំងពីម៉ោងបួនទាបភ្លឺថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៣លោកបានដឹកនាំក្រុមត្រួតពិនិត្យចលនាសត្វការិយាល័យ សហការជាមួយក្រុមការងារអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារង លុយ លីហួរ នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឃាត់ចាប់បទល្មើសចំនួន ០២ករណី ។
លោកបន្តថា ករណីទី១ឃាត់ចាប់រថយន្តក្រុង ០១គ្រឿង ម៉ាក HYUNDAI AERO SPACE ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3A-9889 ដែលផ្ទុកស៊ុតមាន់សរុប ១២០ដុំ ស្មើនឹង ៣៦ ០០០ គ្រាប់ (១ដុំ=៣០០គ្រាប់) និងផលិតផលសាច់បង្កកសរុបទាំងអស់ ៥៣០គីឡូក្រាម (ដោយក្នុងនោះដាក់ក្នុងធុងស្នោចំនួន០៤=២០០គីឡូក្រាម និងកេះក្រដាសចំនួន១៦កេះ=៣៣០គីឡូក្រាម) ដោយបាននាំចូលពីប្រទេសវៀតណាម ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាចេញ នៅត្រង់ចំណុចភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដោយអ្នកបើករថយន្តឈ្មោះ នៅ ផាន (ស៊ីឈ្នួលដឹក) នៅខេត្តត្បូងឃ្មុំ ។ ចំពោះផលិតផលសាច់ជ្រូក មិនបានរក្សាទុកឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (សីតុណ្ហភាពមិនដល់ -18អង្សាសេ និងកន្លែងស្តុកទុកពុំមានអនាម័យ) ។ ករណីទី២ ឃាត់រថយន្ត០១គ្រឿងទៀត ម៉ាក Ssangyong Istana ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខ កំពង់ចាម 2A-0180 ផ្ទុកប្រហិតចម្រុះចំនួន ៥ ៣៤៦គីឡូក្រាម និងសាច់សត្វមាន់ចំនួន ១ ៥៨០គីឡូក្រាម ដែលនាំចូលផលិតផលមានដើមកំណើតពីសត្វ (ប្រហិត និងសាច់សត្វមាន់) ពីប្រទេសថៃ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ឆ្ពោះទៅលក់ចែកចាយដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ នៅត្រង់ចំណុចភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត ជិតភ្លើងស្តុប ។
មន្រ្តីជំនាញបានយកវត្ថុតាងល្មើសទាំងពីរខាងលើ មកបង្ខាំងទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប។ចំណែកសាច់គ្មានគុណភាពទាំងនោះត្រូវបានមន្ត្រីជំនាញយកទៅដុតកម្ទេចចោលផងដែរ៕