Thursday, November 28, 2024
Header Banner

ថ្នាក់ដឹកនាំស្នើឲ្យពលរដ្ឋបញ្ឈប់ការដាក់អន្ទាក់សម្លាប់សត្វព្រៃនិងបញ្ឈប់ការបរិភោគសាច់ព្រៃ

ខេត្តសៀមរាប៖ក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល មន្រ្តីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន និងភាគីដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានរួមគ្នាបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅខេត្តសៀមរាប ដើម្បីជួយជំរុញ ក៏ដូចជាបំផុសចលនាប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការដាក់អន្ទាក់សម្លាប់សត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាស៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នៅមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។

លោកមានប្រសាសន៍ថា តាមរយៈការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ យ៉ាងហោចណាស់ ក៏មានភោជនីយដ្ឋានចំនួន១០ នៅខេត្តសៀមរាប បានប្តេជ្ញាមិនលក់ សាច់សត្វព្រៃ។ ការចូលរួមពីសំណាក់ ម្ចាស់ភោជនីយដ្ឋាន គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ការសម្លាប់សត្វព្រៃ ក៏ដូចជាការចូលរួមកាត់បន្ថយដាក់អន្ទាក់ក្នុងតំបន់ធម្មជាតិ។ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ ក្នុងការអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស យូរអង្វែង តរៀងទៅ។យុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា . ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាមានការកើនឡើង រួមគ្នាទប់ស្កាត់ការលក់ដូរសត្វព្រៃដើម្បីការពារការចម្លងជំងឺបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃតាមរយៈការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការដាក់អន្ទាក់សត្វព្រៃ។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិសរុបប្រមាណ២៨១.៥៣០ហិចតា ដែលតំបន់ការពារធម្មជាតិ រួមមាន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»ដែនជម្រកសត្វព្រៃបឹងពែរដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព-ដែនជម្រក សត្វព្រៃភ្នំត្នោត-ភ្នំពក៥-តំបន់ការពារទេសភាពអង្គរ៦-តំបន់ការពារទេសភាពទំនាប ខាងជើងបឹងទន្លេសាប៧-តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប -តំបន់រ៉ាមសារ បឹងទន្លេឆ្មារ និងមាន ៤ ការិយាល័យសម្រាប់ធ្វើការគ្រប់គ្រង ដែលមានមន្ត្រី ឧទ្យានុរក្សចំនួន១០១នាក់ /ស្ត្រី៥នាក់ មានស្នាក់ការ និងស្នាក់ការរង ចំនួន ២៦ស្នាក់ការ។លោកប្រធានមន្ទីរ បានបន្ថែមថា តាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះ គួរឱ្យព្រួយបារម្ភ។ ប្រភេទសត្វព្រៃមួយចំនួនដូចជា៖ ទន្សោង, សត្វកែះ, ទោច, ខ្លាឃ្មុំ, ប្រើស, ពង្រូល និងសត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជ ក្នុងបញ្ជីក្រហម IUCN ។

លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបរិភោគសាច់សត្វព្រៃ គឺជារឿងមួយមិនល្អសោះឡើយ ខណៈដែលខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់នៃប្រទេសកម្ពុជា។ លោកថា យើងត្រូវបញ្ចប់ការដាក់អន្ទាក់ និងបញ្ឈប់ ការបរិភោគសាច់សត្វព្រៃ។ជាមួយគ្នានេះ បើយើងមិនបានរឹតបន្តឹង ពាក់ព័ន្ធទៅនឹងការដាក់អន្ទាក់នោះទេ វាហាក់បីដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះឡើយ។ យើងត្រូវជំរុញយុទ្ធនាការនេះ ឱ្យមានប្រសិទ្ធភាព និងរួមគ្នាបំផុសចលនាឱ្យទទួល បានប្រសិទ្ធភាព កាន់តែប្រសើរ នៅថ្ងៃខាងមុខ។គួរជម្រាបផងដែរថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី២ នេះរួមមាន៖ ខេត្តពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, សៀមរាប, បាត់ដំបង និងខេត្តប៉ៃលិន ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម