សៀមរាប៖លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីបុរសម្នាក់ស្ពាយសំណាញ់ដើរកាត់មុខទឹកកំពុងហូរខ្លាំង នៅច្រកទ្វារទឹកបារាយណ៍ខាងកើត បណ្តាលឲ្យទឹកគួចធ្លាក់ស្លាប់យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១៥និង០០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចច្រកទ្វារទឹកខាងកើតបារាយណ៍ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បន្តថា កម្លាំងសមត្ថកិច្ចចម្រុះ រួមមាននគរបាលមូលដ្ឋាននៃក្រុងសៀមរាប, រដ្ឋបាលសង្កាត់គោកចក, ប្រជាការពារភូមិ បាននាំគ្នាហែលទឹកស្វែងរក សពជនរងគ្រោះ។លោកបន្តថា ជនរងគ្រោះមានឈ្មោះ មែន តុលា ហៅ(ម៉ិប) ភេទប្រុស អាយុ១៨ឆ្នាំ បានលង់ទឹកស្លាប់ ដោយសារដើរកាត់មុខទឹកកំពុងតែហូរខ្លាំង មានស្ពាយសំណាញ់ជាប់ជាមួយខ្លួន។លោកបន្តថា កម្លាំងបានចុះមកស្រាវជ្រាវ សាកសួរបំភ្លឺនៅកន្លែងកើតហេតុ និងតាមរកសពរបស់បុរសរងគ្រោះខាងលើ ។ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៤និង៤៥នាទី ទើបកម្លាំងស្វែងរកសពរបស់ជនរងគ្រោះខាងលើឃើញ។លោកបន្ថែមថា ក្រោយពីការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យឬួច កម្លាំងសមត្ថកិច្ចជំនាញ បានប្រគល់សពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕