Friday, November 22, 2024
Header Banner

ឯកឧត្តម សៀង ណាំ អញ្ជើញកាត់ខ្សែបូរសម្ពោធផ្លូវបេតុងប្រវែង ១,២០០ម៉ែត្រនៅវត្តព្រះក្រាល ស្ថិតលើខ្នងភ្នំគូលែន

ខេត្តសៀមរាប៖ក្នុងអំឡុង ឆ្នាំ២០២១ ព្រះសង្ឃគណ:កម្មការ អាចារ្យវត្ត ដោយបានការឧបត្ថម្ភគាំទ្រថវិកាពីប្រជាពុទ្ធបរិស័ទ បានកសាងផ្លូវបេតុង១ខ្សែមានទទឹង៥ ម៉ែត្រ បណ្តោយ ១,២០០ម៉ែត្រ រួមនិងបន្ទប់ទឹក ១ខ្នងស្មើនឹង១០បន្ទប់ និងការដាំដើមពោធិ៍ចំនួន ១,០០០ដើម ដើមគគីចំនួន ១,០០០ដើម សរុបបច្ច័យអស់ចំនួន ២២០,០០០ដុល្លាសហរដ្ឋអាមេរិក ក្រោមការផ្តួចផ្តើមកសាងដោយព្រះតេជគុណ ប្រាក់ សៃ ព្រះគ្រូចៅអធិការវត្ត។ ផ្លូវបេតុងនេះភ្ជាប់ពីចុងភូមិថ្មី ឃុំខ្នងភ្នំ ទៅកាន់វត្តព្រះក្រាល ស្ថិតនៅលើខ្នងភ្នំគូលែន ក្នុងភូមិសាស្ត្រ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយពីសាងសង់រួចជាស្ថាពរសមិទ្ធផលទាំងនេះ បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោម អធិបតីភាព ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងារាស្ត្រមណ្ឌលសៀមរាប និងវត្តមានអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជន ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។ លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ មានប្រសាសន៍ថា៖ រយ:កាលកន្លងទៅនេះក្រោមការដឹកនាំរបស់រដ្ឋបាលស្រុក រួមទាំងការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត រដ្ឋបាលឃុំ ព្រមទាំងព្រះមន្ត្រីសង្ឃស្រុក ជាពិសេសព្រះគ្រូចៅអធិការគ្រប់វត្តអារាមទាំងអស់ និងអាចារ្យគណ:កម្មការបានកសាងសមិទ្ធផលនានាមួយចំនួនក្នុងវត្តរៀងៗខ្លួនបន្ថែមទៀត ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនជាបន្តបន្ទាប់។ នៅកម្ពុជា វិស័យពុទ្ធសាសនាបានចូលរួមចំណែយ៉ាងធំធេងមិនអាចខ្វះបាន ជាមួយផ្នែកអាណាចក្រក្នុងកិច្ចដំណើរការកសាងអភិវឌ្ឍន៏សហគមន៍។ ជាមួយនោះ អាជ្ញាធរពាក់ព័ន្ធ សហការជាមួយអាជ្ញាធរឃុំ ស្រុក បានជួយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ កុមារអាយុក្រោម ២ឆ្នាំ ក្មេងកំព្រា ចាស់ជរា និងជនងាយរងគ្រោះ ជាពិសេសនៅក្នុងអំឡុងប្រទេសជាតិយើងជួបវិបត្តិនៃការរាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនោះ ព្រះសង្ឃបានចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានផ្តល់ជូនជាបច្ច័យ និងទេយ្យទានជួយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចតាឡីស័ក និងព្យាបាល។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត និងជាព្រះចៅអធិការវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាប មានសង្ឃដីកាថា៖ ផ្លូវមួយខ្សែនេះ ជាសសៃឈាមយ៉ាងសំខាន់សម្រាប់ព្រះសង្ឃ និងបងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ក្នុងការនិមន្តធ្វើដំណើរទៅមកក្នុងការទៅធ្វើបុណ្យទានផ្សេងៗ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចង់មកទស្សនាទិដ្ឋភាពធម្មជាតិនៃតំបន់ខ្នងភ្នំជាពិសេសវត្តព្រះក្រាល ដែលនេះជាការឆ្លើយតបទៅនឹងការចង់បានរបស់ប្រពលរដ្ឋ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី “មានផ្លូវមានក្តីសង្ឈឹម”។សំណេះសំណាលឱកាសនោះ ឯកឧត្តម សៀង ណាំ បានសម្តែងការ កោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណ:កម្មការវត្តព្រះក្រាល សប្បុរសជនជិតឆ្ងាយ និងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ ដែលបានចូលរួមបរិច្ចាគធនធានថវិកា និងសម្របសម្រួលឱ្យសម្រេចបានសមិទ្ធផលដ៏ធំធេងនេះ។ ឯកឧត្តម សៀង ណាំ បន្តថា៖ ផ្តើមចេញពីថ្ងៃជ័យជម្នះថ្ងៃ៧មករា១៩៧៩ និងដោយមានការដឹកនាំដ៏ត្រឹមត្រូវ ពិសេសចាប់ពីចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នាស្រាប់។ ឯកឧត្តម បញ្ជាក់ថា៖ មានសម្តេចតេជោសែន មានសន្តិភាព និងមានការអភិវឌ្ឍគ្រប់ទីកន្លែង ហេតុនេះ សូមអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និង សម្រាប់បន្តការអភិវឌ្ឍឲ្យរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម ជាពិសេសត្រូវនាំគ្នាថែរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយកុំឱ្យបាត់បង់ ដែលរកបានមកដោយលំបាកនេះ។ ឯកឧត្តម បានប្រគេនថវិកាដល់ព្រះចៅអធិការ ជូនយាយជីតាជី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងពិធីឆ្លងសរុបចំនួន៤,០០០ដុល្លារ ផងដែរ៕(ប្រភពពី៖មន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម