ខេត្តស្ទឹងត្រែង៖នៅក្នុងរដូវបិទនេសាទរហូតមកដល់ថ្ងៃ ៧មិថុនាឆ្នាំ២០២៣នេះ ជំនាញរដ្ឋបាលជលផលស្ទឹងត្រែងកំពុងបន្តក្នុងការចុះបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់។បើគិតត្រឹមរយៈពេល១ខែឧសភាកន្លងមកនេះ មន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទ ព្រមទាំងរឹបអូសឧបករណ៍នេសាទល្មើសច្បាប់បានជាបន្តបន្ទាប់។
លោក ស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឲ្យដឹងថា ក្នុងរដូវបិទនេសាទចាប់ពីថ្ងៃទី ១ឧសភាមកដល់ថ្ងៃទី៣១រយៈពេលមួយខែកន្លងមកនេះ មន្រ្តីជំនាញយើងរឹបអូសបាន មងបណ្ដែតវែងៗ និងមងដែលលួចដាក់ក្នុងតំបន់អភិរក្សសត្វផ្សោតបានប្រវែង ១១.៦៥០ម៉ែត្រ សន្ទូចរនងបានចំនួន ២០៦៤ផ្លែ, ដកហូតរបាំងស្បៃមុងបានប្រវែង ២៥០ម៉ែត្រ ពេលនេះជំនាញកំពុងបន្តក្នុងការចុះបង្ក្រាប។
លោកសម វិចិត្រ បានឲ្យដឹងទៀតថាមន្រ្តីជំនាញក៏បានចុះធ្វើការអប់រំណែនាំដល់ប្រជានេសាទនៅតាមដងទន្លេ បានចំនួន ជិត១០០នាក់ ដែលទាក់ទងនឹងរដូវបិទនេសាទ និងច្បាប់ស្ដីពីជលផលនិងបានឲ្យពួកគាត់ធ្វើកិច្ចសន្យាផ្តិតមេដៃនឹងត្រូវបញ្ឍប់ការលួចប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់បន្តទៅទៀតផងដែរ។
លោកនាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់បន្ថែមទៀតថា សម្រាប់តំបន់ស្ទឹងត្រែង យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តចាប់គឺអនុវត្តហាមឃាត់បិទនេសាទចាប់ពីថ្ងៃទី១ខែឧសភា រហូតដល់ថ្ងៃទី៣០ខែកញ្ញាជារៀងរាល់ឆ្នាំ ពីព្រោះតំបន់នេះត្រីពូជធំៗវាចាប់ផ្តើមពងកូនតាំងពីខែមេសានិងខែឧសភារហូតមក។
មន្រ្តីជំនាញជលផល , អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងតែងតែបានខិតខំចូលរួមអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបជាក់ស្តែង ក្នុងគោលបំណងសំខាន់គឺមិនឱ្យមានបទល្មើសនេសាទត្រីខុសច្បាប់នៅក្នុងរដូវបិទនេសាទទេ ប្រយោជន៍សំខាន់គឺដើម្បីឱ្យបរិមាណត្រីធម្មជាតិវាសំបូរឡើងវិញ។ឧបករណ៍នេសាទខុសច្បាប់ដែលរឹបអូសបាន ត្រូវបានដុតកម្ទេចចោលអស់មួយចំនួន នៅសល់ខ្លះរក្សាទុកនៅតាមប៉ុស្តិ៍ឆ្មាំ និងនៅកន្លែងជលផល ដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ។ក៏ប៉ុន្តែគេបានសង្កេតឃើញថា បើទោះបីជាមានការខិតខំប្រឹងយកចិត្តទុកដាក់ ចុះបង្ក្រាបទាំងយប់ទាំងថ្ងៃរបស់មន្រ្តីរដ្ឋបាលជលផល សហការជាមួយកម្លាំងសហគមន៍ សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់យ៉ាងណាក៍ដោយចុះ ក៏គេនៅតែមានជនខិតខូចមួយចំនួនបានឆ្លៀតឱកាសគេចពីភ្នែកជំនាញ លួចនេសាទដោយខុសច្បាប់ក្នុងរយៈពេលបិទនេសាទ ដើម្បីចាប់យកត្រីមេពូជធំៗមកលក់នៅតាមទីផ្សារជាបន្តបន្ទប់។
មន្រ្តីជលផលស្ទឹងត្រែងបានអំពាវនាវ ទៅដល់ប្រជានេសាទ ត្រូវតែចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ពោលគឺត្រូវតែបញ្ឍប់កុំបន្តលួចប្រើឧបករណ៍នេសាទដោយខុសច្បាប់ផ្សេងៗដើម្បីចាប់ត្រីក្នុងពេលវាកំពុងតែបន្តពូជនៅតាមតំបន់ធម្មជាតិឲ្យសោះ ផ្ទុយទៅវិញបើកម្លាំងជំនាញចាប់បាននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដោយមិនយោគយល់និងលើកលែងទៀតឡើយ។
មន្រ្តីជំនាញជលផលស្ទឹងត្រែង ក៏បានឲ្យដឹងដែរថា បើសិនជាមានការចូលរួមអនុវត្តច្បាប់ បឈ្ឈប់ការចាប់ត្រីដោយប្រើវិធីល្មើសច្បាប់ផ្សេងៗ ក្នុងពេលត្រីកំពុងពងកូនបាននោះ សង្ឃឹមថា ត្រីនៅខេត្តស្ទឹងត្រែង វានឹងកាន់តែសំបូរឡើងវិញ។ ផ្តើមពីនោះយើងអាចនឹងផ្គត់ផ្គង់តម្រូវការម្ហូបអាហារនៅក្នុងខេត្ត និងអាចចែកចាយទៅតាមទីផ្សារនៅទូទាំងប្រទេសកម្ពុជាយើងបានទៀតផង៕