ខេត្តបន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីបង្កគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែជនជាតិចិនស្រវឹងស្រា បើករថយន្តបុកជនជាតិថៃ កំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរបួសធ្ងន់ ហើយព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចតាមចាប់បាន។
ហេតុការណ៍បានកើតឡើងនៅជិតភ្លឺឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្សារត្រីស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តស៊េរីទំនើបម៉ាកRANGEROVER ពាក់ស្លាកលេខ ភ្នំពេញ 2AM-3455 បានបើកបររ៉េបង្កូតក្នុងស្ថានភាពស្រវឹង បានបុកទៅលើជនជាតិថៃ ដែលកំពុងជិះម៉ូតូបណ្តាលដួលបែកក្បាលស្ថានភាពធ្ងន់ធ្ងរ ហើយរថយន្តបង្កបានព្យាយាមបើករត់ត្រូវបានសមត្ថកិច្ចឃាត់បាន ។មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងជំនាញបានចុះទៅពិនិត្យវាស់វែងកន្លែងកើតហេតុគឺមូលហេតុ បង្កដោយជនជាតិចិនស្រវឹងជោគជាំ បានបើកបុកទៅលើជនជាតិថៃ ដែលជិះម៉ូតូបណ្តាលរបួសធ្ងន់ ហើយព្យាយាមបើកគេចត្រូវបានសមត្ថកិច្ចចាប់បានបញ្ជូនអធិការដ្ឋាននគរបាលកក្រុងប៉ោយប៉ែត ហើយរថយន្តដែលបង្កគ្រោះថ្នាក់ និងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕