Thursday, November 28, 2024
Header Banner

ពលរដ្ឋជាច្រើននាក់បានផ្តិតមេដៃប្តឹងស្មៀនឃុំតឺន ស្នើឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌!

ខេត្តរតនគិរី៖ ថ្មីៗនេះប្រជាពលរដ្ឋជាច្រើននាក់ រស់នៅឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បានសរសេរលិខិត ព្រមទាំងផ្តិតមេដៃ គោរពផ្ញើរជូនលោកចៅហ្វាយស្រុកកូនមុំ ដើម្បីប្តឹងលោក ឈន អាន ស្មៀនឃុំតឺន អោយដកចេញពីតំណែង ព្រោះកន្លងមក ពួកគាត់បានរងការគាបសង្កត់ពីលោក ស្មៀនឃុំរូបនោះ។      បើយោងតាមខ្លឹមសារ នៃលិខិតបណ្តឹងរបស់ប្រជាពលរដ្ឋ មានខ្លឹមសារថា សព្វថ្ងៃស្មៀនឃុំតឺនរូបនេះ មិនធ្វើការបំរើប្រជាពលរដ្ឋនោះទេ គឺគិតតែពីរត់ការប្លង់ដីឲ្យគេ និងទារប្រាក់ច្រើន បើទោះជា ប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពលំបាកសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក៏ដោយ តែស្មៀនឃុំតឺនរូបនោះ គិតតែជំរិតលុយពីប្រជាពលរដ្ឋ ដែលពួកគាត់បានចូលទៅបំពេញបែបបទឯកសារផ្សេងៗ ស្របពេលដែលប្រជាពលរដ្ឋទៅរកសេវានៅសាលាឃុំ។     នៅក្នុងលិខិតបណ្តឹងនោះ បានសរសេរបញ្ជាក់យ៉ាងច្បាស់ទៀតថា បើសិនប្រជាពលរដ្ឋណាមិនមានលុយគ្រប់គ្រាន់ ហើយចង់រត់ការប្លង់ខ្លួនឯង ដើម្បីដាក់បញ្ចាំនៅធនាគារ គឺលោក ឈន អាន ស្មៀនឃុំតឺនរូបនេះ តែងតែធ្វើបាបប្រជាពលរដ្ឋ ម្តងឲ្យទៅនេះ ម្តងឲ្យទៅនោះ ពេលយកឯកសារប្លង់ទៅចុះហត្ថលេខា គឺខ្វះនេះ ខ្វះនោះរួចទាលុយច្រើន..ដោយសំអាងថា លោកមេឃុំតម្រូវឲ្យយកលុយប៉ុណ្ណេះ សុរិយោដីឲ្យយកលុយប៉ុណ្ណោះ អភិបាលស្រុក ឲ្យយកលុយប៉ុណ្ណេះ បើទោះបីប្លង់ដីភូមិមានទំហ៊ុំតូច ក៏ត្រូវចំណាយអស់លុយចាប់ពី៨០ម៉ឺនរៀលយ៉ាងតិច។ និយាយរួមពាក់ព័ន្ធរាល់ការបំពេញបែបបទឯកសារផ្សេងៗ គឺលោកស្មៀនឃុំតឺនរូបនោះត្រូវការតែលុយ។       ដោយឡែកលិខិតស្នាមបណ្តឹង ដែលប្រជាពលរដ្ឋបានដាក់ជូនលោក សេក ហៃ ចៅហ្វាយស្រុកកូនមុំ គឺដើម្បីសុំឲ្យមានការជួយអន្តរាគមន៍ដោះស្រាយ រាល់ទង្វើររបស់លោកស្មៀនឃុំ ដែលបានធ្វើមកលើពួកគាត់កន្លងមកនោះ ពួកគាត់មានការឈឺចាប់យ៉ាងខ្លាំង។ ព្រោះការគាបសង្កត់ប្រជាពលរដ្ឋក្រីក្រ ចាប់តាំងពីលោក ឈន អាន មកកាន់តួនាទីជាស្មៀនឃុំតឺននេះ បានបង្ករបញ្ហារហូតមក។      ពាក់ព័ន្ធករណីនេះ លោក សេក ហៃ អភិបាលស្រុកកូនមុំ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ថា នៅក្នុងករណី ដែលប្រជាពលរដ្ឋបានប្តឹងលោកស្មៀនឃុំតឺននោះ គឺផ្នែកក្រុមប្រឹក្សាវិន័យកំពុងបើកការស៊ើបអង្កេត ប្រជុំ ជម្រុញធ្វើកិច្ចការងារនេះយ៉ាងយកចិត្តទុកដាក់ហើយ ក្នុងការដោះស្រាយ លទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងទេ។      ចំណែកលោក ឈន អាន ស្មៀនឃុំតឺន លោកបានបញ្ជាក់ឲ្យអ្នកយកព័ត៌មានយើងដឹងថា លោកមិនដែលចាំប្រជាពលរដ្ឋមានលុយ ទើបលោកផ្ដល់សេវាជូនគាត់នោះទេ គឺលោកតែងតែផ្ដល់សេវាជូនពួកគាត់ជាទូទៅ។ ហើយរឿងប្រជាពលរដ្ឋប្ដឹងលោកទៅស្រុក ខាងសាលាស្រុក បានប្រជុំក្រុមប្រឹក្សា គណៈអភិបាលស្រុក ហើយបានកោះអញ្ជើញប្រជាពលរដ្ឋ ដែលមានស្នាមមេដៃប្ដឹងនោះ មកសួរនាំ ដឹងហេតុ ដឹងផលអស់ហើយ រីឯមានអ្នកជម្រុញពួកគាត់ពីក្រោយ គីមានដីពាក់ព័ន្ឌហ្នឹង ដែលដីគាត់ធ្វើនិតិវិធី អត់ស្របទៅតាមកិច្ចការងារ របស់ក្រុមការងារវាស់វែងដីធ្លី ចំណែកឯកសារដី របស់គាត់ គឺដាក់មកលក្ខណៈផ្លូវកាត់ បានន័យថា ឯកសារផ្ទេរសិទ្ធគាត់មិនមានកាត់ឈ្មោះបង់ពន្ធឲ្យបានត្រឹមត្រូវទេ គឺគាត់កាត់ឈ្មោះ ផ្ទេរសិទ្ធយកតែម្ដង ហើយដីរបស់អ្នកធំនោះ ផ្ទៃដីប្រហែល ៦៣ ទៅ ៦៤ហិកតា ឯណោះ។     ជុំវិញរឿងហេតុរហូតបានធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់រហូតឈានដល់ការដាក់បណ្តឹងលោក ឈន អាន ស្មៀនឃុំតឺនខាងលើនោះ ត្រូវបានប្រភពមន្ត្រីសាលាស្រុកកូនមុំ លួចបង្ហើបឲ្យអ្នកយកព័ត៌មានយើងដឹងថា គឺផ្តើមចេញពីមន្ត្រីសមត្ថកិច្ចស្រុកកូនមុំមួយរូប ដែលតែងតែពើងទ្រូងសំកោងខ្លួន អាងអំណាចបង្ករការលំបាកដល់មន្ត្រីមូលដ្ឋានភូមិ-ឃុំជានិច្ច នៅក្នុងរឿងដីធ្លីនៅតាមមូលដ្ឋានរយៈពេលកន្លងមក ជាពិសេសលើបញ្ហាការកាប់រានដីព្រៃនៅក្នុងស្រុកកូនមុំ ក្នុងការច្បាមយកមកធ្វើជាកម្មសិទ្ធដោយមិនស្របច្បាប់។       រីឯប្រភពពីមន្ត្រីភូមិបាលស្រុកមួយរូបបានបង្ហើបឲ្យដឹងថា កន្លងមកបញ្ហានីតិវិធីប្លង់ដីរបស់មន្ត្រីសមត្ថកិច្ចរូបនោះ ត្រូវបានជាប់បញ្ចាំនៅធនាគារ ហើយប្លង់ដីនៅធនាគារ មិនទាន់ត្រូវបានបង់រំលួស យកមកវិញផង ក៏ឲ្យភូមិ-ឃុំតាមរយៈស្មៀន បំពេញបែបបទចេញលិខិតបញ្ជាក់លើការកាន់កាប់ដីធ្លីសាជាថ្មី ដើម្បីលក់ដី ដែលមានប្លង់ជាប់បន្ទុកនៅធនាគារនោះ ឲ្យទៅអ្នកផ្សេងបន្ត ដែលបញ្ហានេះ ជាចំណុចខិលខូចរបស់គាត់ជាមន្ត្រីសមត្ថកិច្ច ដែលតែងតែប្រើល្បិចពិសពលខិលខូច បំណងចង់បានដោយមិនញញើតច្បាប់។ ដោយមិនសមបំណង់ នៃការចង់បានរបស់ខ្លួន ទើបធ្វើឲ្យមន្ត្រីសមត្ថកិច្ចរូបនោះ ញុះញុង រុញឲ្យប្រជាពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា ជាមនុស្សធ្លាប់ស្និទ្ធស្នាល រកលាភជាមួយលោកមន្ត្រីសមត្ថកិច្ចនោះ តាមរយៈរឿងដីធ្លី ឲ្យមន្ត្រីស្អាតស្អំ ឲ្យរបូតតំណែង ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន។      ពាក់ព័ន្ធករណីប្រជាពលរដ្ឋប្ដឹងលោកស្មៀនឃុំខាងលើនេះ នឹងលាតត្រដាងនៅពេលក្រោយ បន្ទាប់ពីមានប្រភពច្បាស់ការថា តើលោកមន្ត្រីសមត្ថកិច្ចនោះជាអ្នកណា៕ដោយ÷ សាវ័ន្ត

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម