ខេត្តសៀមរាប៖គណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)កំពុងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៣ដើម្បីពិនិត្យមើលនិងផ្ដល់អនុសាសន៍ទៅលើកិច្ចការទាំងឡាយពាក់ព័ន្ធទៅលើការអភិរក្ស ថែរក្សាបេតិកភណ្ឌនិងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងតំបន់អង្គរ។
កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរានឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២រហូតដល់ថ្ងៃទី១៣ខែមិថុនា។កិច្ចប្រជុំបច្ចេកទេសលើកទី៣៧របស់គណៈកម្មាធិការអាយ ស៊ី ស៊ី-អង្គរ ដែលមានលោកPierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជានិងលោកIchitomo TANINAI អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ជាសហប្រធាននេះ នឹងពិនិត្យមើលលើចំណុចជាច្រើនដូចជាតាមដានឡើងវិញលើអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦និងកិច្ចប្រជុំពេញអង្គទី២៩កាលពីខែធ្នូ ឆ្នាំ ២០២២កន្លងទៅ និង របាយការណ៍សកម្មភាពក្រុមបច្ចេកទេសជាច្រើនដូចជាការជួសជុល និងការអភិរក្ស ក្រុមការងារពាក់ព័ន្ធត្រូវបានស្នើសុំ ដើម្បីធ្វើរបាយការណ៍ ស្តីពីការអនុវត្តអនុសាសន៍ (ដែលភ្ជាប់ជាមួយរបៀបវារៈនេះសម្រាប់ជាឯកសារយោង) និងដើម្បីសង្ខេបផែនការការងារសម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។ជាមួយគ្នានេះដែរក៏មានការតាមដានលើអនុសាសន៍នៃការជួសជុលប្រាសាទបុរាណជាច្រើន ដូចជា ប្រាសាទទ្រម៉ូង ការជួសជុលពិដានរបស់ប្រាសាទអង្គរវត្តនៅថែវកូរសមុទ្រទឹកដោះ ការជួសជុលប៉មភាគនិរតីនៃរោងទងទី៣ ការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ការជួសជុលរោងទងទី៣ នៅភាគនិរតី ការជួសជុលពិដាននៅស្លាបរោងទងភាគអាគ្នេយ៍ ការជួសជុលបណ្ណាល័យខាងត្បូង និងផ្លូវចូលរោងទងទី២ និងការជួសជុលបង្កាន់ដៃនៅរោងទងទី២។បន្ថែមលើនេះដែរគណៈកម្មាធិការ អាយ ស៊ី ស៊ីអង្គរក៏បានតាមដានអនុសាសន៍ព្រមទាំងពិនិត្យមើលបរិក្ខារធារាសាស្ត្រ និងការបំពេញទឹកបារាយណ៍លលៃ និងបារាយណ៍ខាងកើត ការជួសជុលប្រាសាទបន្ទាយធំ ការជួសជុលខ្លោងទ្វារតាកាវរបស់ក្រុងអង្គរធំ ការជួសជុលប្រាសាទព្រះគោ ការជួសជុលប្រាសាទបាយ័ន ការជួសជុលប្រាសាទចៅសាយទេវតា ការតាមដានលើអនុសាសន៍ជួសជុលប្រាសាទបន្ទាយសំរ៉ែនិងការបណ្តុះបណ្តាល ការងារជួសជុលអតីតព្រះបរមរាជវាំងអង្គរធំ ប្រាសាទបន្ទាយប្រី ព្រមទាំងតាមដានលើអនុសាសន៍ នៃការអនុវត្តន៍លើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរជាដើម៕ស.រ