ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ដែលតែងតែគប់កញ្ចក់ឡានអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦៧ រួចគេចខ្លួននោះ ត្រូវបាននគរបាលស្រុកបន្ទាយស្រី ទទួលពាក្យបណ្តឹងជនរងគ្រោះ ហើយបើកការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាក់ស្តែងតែម្តង។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានាមានប្រសាសន៍ឲ្យដឹងថា ហេតុការណ៍គប់កញ្ចក់ឡានពឡរដ្ឋនោះកើតឡើងនៅវេលាម៉ោង២និង៣០នាទីជិតភ្លឺឈានចូលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៣ចំណុច ភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។លោកបន្តថា ជនល្មើសឈ្មោះម៉ន ចាន់ណា ភេទប្រុសអាយុ២៣ឆ្នាំនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ជនរងគ្រោះ ឈ្មោះសំ រ៉ាន ភ័ត្រា ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកបន្ថែមថា តាមការបំភ្លឺពីជនរងគ្រោះបានបញ្ជាក់នៅវេលាម៉ោងកើតហេតុខាងលើ គាត់បានបើកបរឡានមកពីទិសខាងជើងគឺមកពីផ្ទះនៅពេលមកដល់ចំណុចភូមិកំព្រហ្មមានគេដាក់មែកឈើស្រាស់ផ្លូវទាំងសងខាង។ លុះឃើញដូចនោះគាត់ក៏បានបន្ថយល្បឿនឡានស្រាប់តែក្នុងពេលនោះមានគប់ដុំថ្មមកលើឡានរបស់គាត់ បណ្តាលអោយបែកធ្លាយ កញ្ចក់ខាងឆ្វេង និងខាងក្រោយ (ឡានសាមយ៉ុងពណ៌ស)។ដោយភ័យស្លន់ស្លោរពេកគាត់បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៏នគរបាលរដ្ឋបាលឃុនរាម ប្រហែលម៉ោង២និង៣៥នាទីថ្ងៃកើតហេតុខាងលើ។ ក្រោយពីកម្លាំងនគរបាលមូលដ្ឋានទទួលបានព័ត៌មាន ក៏បានចុះប្រតិបត្តិការភ្លាមៗតែដោយឡែកជនសង្ស័យបានគេចខ្លួនបាត់ លុះម៉ោង៥និង៣០នាទីទើបស្រាវជ្រាវចាប់ខ្លួនបាន។ លោកបញ្ជាក់ថា តាមចម្លើយ សារភាពរបស់ជនល្មើសបានបញ្ជាក់ថានៅវេលាម៉ោង២និង១០នាទីខ្លួនបានទៅកាត់ធាងត្នោតនិងមែកអំពិលយកមកស្រាសផ្លូវហើយដើររើសយកដុំថ្មបាន៥ដុំមកអង្គុយចាំក្នុងគោលបំណងគប់ឡាន។លុះដល់ម៉ោងប្រហែលជា២ មានឡានមកដល់គោលដៅ ភ្លាមនោះខ្លួនបានយកដុំថ្មដែលបានគរទុកជាស្រេច គប់ទៅលើឡានតែម្តង ក្នុងគោលបំណងធ្វើអោយខូចខាតឬបែកកញ្ចក់។ដោយឈរនៅពីមុខផ្ទះ របស់ខ្លូនគេផ្ទាល់ ក្នុងមួយយប់នោះគប់ឡាន២ លើក។ លើកទី១ឡានហ្វតពណ៌ស តែគប់ខុស, គប់លើកទី២បានគប់ទៅលើឡាន សាមយ៉ុងពណ៌ស ដោយគប់ត្រូវកញ្ចក់ចំហៀងបែកធ្លាយដល់កញ្ចក់ខាងក្រោយក៏បែកដែរ។ ក្នងនោះដែរជនល្មើសខាងលើ មានសារធាតុញៀននៅក្នុងខ្លួនព្រោះ ទើបតែប្រើប្រាស់នៅសារធាតុញៀនហើយកន្លងមកក៏ធ្លាប់ជាប់នៅមណ្ឌលកែប្រែគ្រឿងញៀនរយះពេល៥ខែមកហើយ។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកបន្ទាយស្រី កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើយកមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕AFN