ខេត្តសៀមរាប៖សិក្ខាកាមដែលជាកងកម្លាំងនគរបាល នៃកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន១៦៥រូប បានបញ្ចប់ដោយជោគជ័យនូវវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះអគ្គិភ័យ និង ជំនាញសង្គ្រោះជនរងគ្រោះ ត្រូវបានប្រកាសបិទបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានបុរីសៀងណាំ២ ស្ថិតនៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវកោតសរសើរ ចំពោះកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាប ទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងហ្វឹកហ្វឺន និងមានវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ។ឯកឧត្ដមបន្តថា ការរៀបចំពិធីនេះឡើងគឺមានន័យថា កងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត បានឆ្លងកាត់ការបណ្តុះបណ្តាលហ្វឹកហ្វឺន លត់ដំខ្លួនតាមគោលការណ៍ ប្រកបដោយវិន័យ បទបញ្ជាយ៉ាងតឹងតែង ម៉ឹងម៉ាត់ ជាពិសេស កម្លាំងអន្តរាគមន៍ពិសេស បានយល់ដឹងកាន់តែច្បាស់អំពីជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែបVIP សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ដោយប្រើឧបករណ៍ជំនួយស្វ័យប្រវត្តិ នៅពេលមានហេតុការណ៍កើតឡើង ដើម្បីធានាបាននូវសមត្ថភាព គុណភាព និងប្រសិទ្ធភាពប្រយុទ្ធ និងការងារឈានឆ្ពោះ ទៅរកការកសាងកងកម្លាំងអន្តរាគមន៍ពិសេសឲ្យកាន់តែរឹងមាំ ស្របតាមការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងតទៅអនាគត។
ឯកឧត្តមឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវ គោលនយោបាយ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ឯកឧត្តមឧត្តមសេនីយ៍បន្តថា ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាពភូមិឃុំសង្កាត់ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ហើយដើម្បីឈានទៅសម្រេចនូវគោលនយោបាយនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងព្រមទាំងបានផ្តល់ការ គាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ និង ហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាព វិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំ បណ្ដុះបណ្តាល និងលើកកំពស់ក្រមសីលធម៌វិជ្ជាជីវៈ ដល់មន្ត្រីនគរបាលជាតិ ឲ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំង និងធានាឲ្យបាន នូវភាពជាម្ចាស់ការ លើការងារ បណ្តុះបណ្តាល ដោយកាត់បន្ថយ ការបញ្ចូលមន្ត្រីនគរបាលជាតិ ទៅសិក្សា ឬ បណ្តុះបណ្តាលនៅក្រៅប្រទេស។ឯកឧត្ដមឧត្តមសេនីយ៍បន្តទៀតថា វគ្គបំប៉នជំនាញនាពេលនេះ គឺជាមុខជំនាញ ដែលកងកម្លាំងប្រដាប់អាវុធប្រើប្រាស់ជាប្រចាំ ជាពិសេសកងកម្លាំងនគរបាលជាតិយើងតែម្ដង សំដៅធានាដល់ការចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ បាតុភាព បង្កចលាចល បាតុកម្មខុសច្បាប់ បង្ក្រាបរាល់សកម្មភាពភេរវកម្ម រំដោះចំណាប់ខ្មាំង ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ឲ្យបានត្រឹមត្រូវ តាមការកំណត់ របស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា វគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែបVIP ការសង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ បានបែកចែកជា០៣វគ្គ ដែលក្នុងមួយវគ្គមានរយៈពេល០២ខែ ដោយមានសិក្ខាកាមចូលរួមចំនួន ១៦៥នាក់ផងដែរ៕AFN