ភ្នំពេញ៖រយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។
ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ អាវុធហត្ថភ្នំពេញបានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។
ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួនចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យ ហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំ ទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧,១៨ និង១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាបន្តបន្ទាប់ (ខ្មែរ០១នាក់, ចិន០៤នាក់) ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុមHacker នៅឯបរទេស ធ្វើសកម្មភាព ហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ ជនសង្ស័យទាំង ០៥នាក់រួមមាន៖១.ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។២.ឈ្មោះ មាស ស្រីចិន (ហៅស្រីពៅ) ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរ ទាំងអក្សរនិងសម្លេង ឲ្យក្រុម Hacker។៣.ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ, រកបណ្តាញបន្ថែម និងពេលខ្លះ ទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។ ៤.ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។៥.ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឭពួកវាប្រាប់ថារស់នៅប្រទេសថៃ ហើយពួកវាប្រាប់ថា អាចហែកតេឡេក្រាមបាន តាមរយៈផ្ញើសារឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរស័ព្ទឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន និងម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេលេក្រាម៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា។
រាល់ប្រតិបត្តិការជោគជ័យទាំងអស់ ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យ ក្រុម Hacker តាមរយៈធនាគារ ហ៊ុយវ័ង។
តាមរយៈបទពិសោធន៍នៃការបង្ក្រាបករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឲ្យមានកម្មវិធីជាច្រើនដែលយើងមិនអាចតាមទាន់បាន ដូច្នេះ បងប្អូនដែលប្រើទូរស័ព្ទទាំងអស់ មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឲ្យយើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវ ឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើង ទៅពួកគេនោះឡើយ ហើយបើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឲ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀងវាងការខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយ លើការប្រើប្រាស់ទូរស័ព្ទ៕AFN