ភ្នំពេញ ៖យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យមានការប្រុងប្រយ័ត្ន ខណៈប្រព័ន្ឋសម្ពាធទាបនឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើង ប្រទេសកម្ពុជា បង្កឲ្យមានភ្លៀង និងខ្យល់កន្ត្រាក់ ព្រមទាំងផ្គរ រន្ទះ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងកំឡុងពេលចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន ។ ជាមួយ គ្នានេះ ក្រសួងក៏បាន ក្រើនរំលឹក ដល់ សាធារណជន ជាពិសេស បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងប្រជាពលរដ្ឋនៅតំបន់មាត់សមុទ្រ អ្នកនេសាទ ព្រមទាំងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា ។ កាលពីសប្តាហ៍មុន ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពី ការទទួល ឥទ្ធិពល ព្យុះទី ១១ ឈ្មោះ នូល ( NOUL ) ដែលធ្វើឲ្យតំបន់មួយចំនួន និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន រហូតដល់ខេត្តមួយចំនួន បានជន់លិចដោយសារជំនន់ទឹក ភ្លៀង ៕